ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគ្រូ គង់ ណារី ចេញមុខប្រតិកម្ម

ខណៈដែលមានការចុះជាច្រើនថា អ្នកគ្រូ គង់ ណារី ដែលត្រូវគេស្គាល់ថា ជាអ្នកសិល្បៈជើងចាស់ ដែលមានជំនាញបណ្ដុះសិល្បករស្រករក្រោយអោយស្ទាត់ជំនាញពិធីករ និងចម្រៀង ត្រូវបានគេចុះផ្សាយថា មានជំងឺធ្ងន់ និងកំពុងដង្ហើយរកជំនួយនោះ អ្នកគ្រូបានចេញមុខប្រកាសថា នោះជារឿងមិនពិត។ យ៉ាងណាមិញអ្នកគ្រូទទួលស្គាល់ថា ខ្លួនពិតជាជំងឺមែន ប៉ុន្តែមិនមែនជាជំងឺក្រិនថ្លើម និងធ្ងន់ធ្ងរដូចការយកទៅបង្ហោះឡើយ។

អ្នកគ្រូ គង់ ណារី បានថ្លែងបញ្ជាក់ថា អ្នកគ្រូមិនមានជំងឺក្រិនថ្លើម ឬ មានជំងឺធ្ងន់ធ្ងរនោះ គឺគ្រាន់តែមានបញ្ហាសុខភាពព្រោះតែទាស់ចំណីប៉ុណ្ណោះ។

អ្នកគ្រូថា ក្រោយទទួលទានប៉ះចំ ចំណីមានជាតិគីមី អ្នកគ្រូក៏មានសភាពដល់ថ្នាក់ធ្លាក់ឈាម បណ្ដាលអោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុី។ មកទល់ម៉ោងនេះ អ្នកគ្រូបានចាកចេញពីមន្ទីរពេទ្យ និងបានកាន់ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងហើយ ដើម្បីបានទៅលម្ហែកាយផង ក្រោយពីការងារក៏ហត់នឿយខ្លាំង។

អ្នកគ្រូបញ្ជាក់ថា ស្ថានភាពរបស់ខ្លួនមិនដល់ថ្នាក់អំពាវនាវរកជំនួយដើម្បីជួយសង្គ្រោះនោះទេ ក្នុងពេលដែលអ្នកគ្រូ ដ្បិតថាមិនមែនជាអ្នកសម្បូរទ្រព្យ តែក៏មិនអាចលើកដៃសុំជំនួយ ដែលជាការរំខានដល់ថ្នាក់ដឹកនាំ។ អ្នកគ្រូថា មួយជីវិតក្នុងការបម្រើដល់វិស័យសិល្បៈ អ្នកគ្រូមិនអាចទទួលយកបាននោះទេ សម្រាប់ការលើកឡើងថាអ្នកគ្រូស្ថិតក្នុងសភាពដុនដាប និងដង្ហើយរកជំនួយ ដើម្បីព្យាបាលជំងឺ និងដើម្បីបានបន្តអាជីព។ យ៉ាងណាមិញអ្នកគ្រូបញ្ជាក់ថា បើថ្នាក់ដឹកនាំ ឬ សប្បុរសជនមានទឹកចិត្ត គឺអាចជួយអ្នកគ្រូក្នុងនាមដែលអ្នកគ្រូមានស្នាដៃជួយដល់វិស័យសិល្បៈបាន តែមេត្តាកុំយករូបអ្នកគ្រូ ហើយប្រកាសអំពាវសុំជំនួយជាសាធារណៈ។

នេះជាលើកទី១ ដែលអ្នកគ្រូ គង់ ណារី ប្រតិកម្មរឿងនេះ ខណៈដែលអ្នកគ្រូ ក្រៅពីមានស្នាដៃ បណ្ដុះតារាចម្រៀង និងពិធីកររាប់មិនអស់ អោយក្លាយជាតារាល្បីៗ ដូចជា កញ្ញា ទូច ស៑ុននិច ជាដើម អ្នកគ្រូក៏ជាគណកម្មការផ្ដល់ពិន្ទុ ក្នុងកម្មវិធីប្រឡងចម្រៀង និងប្រលងសមត្ថភាពធំៗ ផងដែរ៕

មតិយោបល់