ព័ត៌មានសិល្បៈ និងកម្សាន្ត

តន់ ចន្ទសីម៉ា ស្រាប់តែនិយាយបែបនេះ ក្រោយ MV «Are You Ok?» ចម្រៀងរបស់ខ្លួន ចេញជាផ្លូវការ

(ភ្នំពេញ)៖ បទចម្រៀងមានចំណងជើងថា «Are You Ok?» ត្រូវបានផលិតកម្ម Galaxy Navatra បញ្ចេញជា Full MV ជាផ្លូវការ នៅព្រឹកមិញនេះ កំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងក្លារពីសំណាក់យុវវ័យ។ ជាពិសេស ចំនួនអ្នកចូលទស្សនាបទនេះ ហាក់ហក់ឡើងខ្លាំង ត្រឹមរយ:ពេល៨ម៉ោងបញ្ចេញដំបូងប៉ុណ្ណោះ ដែលធ្វើឲ្យគេសន្និដ្ឋានបានថា នឹងបំបែកកំណត់ត្រា រយ:ពេល២៤ម៉ោង ក្លាយជាមានអ្នកចូលទស្សនាច្រើនបំផុតរបស់កម្ពុជា។

ទន្ទឹមនឹង MV ចម្រៀងរបស់ខ្លួនមានការចូលទស្សនាច្រើន និងជោគជ័យក្នុងការបញ្ចេញជាផ្លូវការ ស្រាប់តែ តន់ ចន្ទសីម៉ា និយាយថា «ខ្ញុំតែងតែឈរនៅទីនេះឈរយ៉ាងរឹងមាំ ទោះជាមានឧបសគ្គច្រើនយ៉ាងណា ត្រូវទទួលយក កែតម្រូវ ចាត់ទុកថាជាបទពិសោធន៍និងជាមេរៀនជីវិត ស្នាមញញឹម ក្តីសង្ឃឹម នៅតែមានសម្រាប់ខ្ញុំ។ កុំបោះបង់ចោលក្តីស្រមៃខ្លួនឯងណា អរគុណពុកម៉ែបងប្អូនដែលតែងតែលើកទឹកចិត្ត ស្រលាញ់ក្មេងស្រីម្នាក់ និងមិនដែលបោះបង់ខ្ញុំ»។

បទ «Are You Ok?» ត្រូវបានគេចាត់ទុកថា ជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង TikTok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក កាលពីបញ្ចេញ Trailer ដំបូង។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra ដោយប្រើប្រាស់បច្ចេកទេសថត ពីកាមេរ៉ាទំនើប ទើបនាំចូលពីបរទេស។ ការផលិត MV ចម្រៀងនេះ បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ «Are You Ok?» ពីអ្នកលេង TikTok ម្នាក់នៅខេត្តកំពត ក្នុងតម្លៃ ១២.០០០ដុល្លារអាមេរិក។

 

មតិយោបល់