ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង Tam Cam វៀតណាមមានសាច់រឿងប្រហាក់ប្រហែលនិងរឿង មរណមាតា

ភ្នំពេញៈ យោងតាមគេហទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផេក អ្នកនិពន្ធវ័យក្មេង-Khmer Copywriter បានវិភាគថា រឿង Tam Cam វៀតណាមមានសាច់រឿងប្រហាក់ប្រហែលនិងរឿង មរណមាតា ហើយម្ចាស់ផេកផងដែរ បានដកស្រង់សង្ខេបរឿង យកមកចែកជូនប្រិយមិត្តបានអាននឹងវិភាគលើផ្ទៃរឿង ទាំងមូល ចង់ដឹងផ្ទៃរឿងទាំងមូលយ៉ាងណា សូមអានសង្ខេបរឿង ដែលបានដកស្រង់ចេញពីផេក អ្នកនិពន្ធវ័យក្មេង-Khmer Copywriter ដោយមេត្រីភាព៖

ក្រោយពីប្រពន្ធស្លាប់ ឪពុករបស់តាំ(ឈ្មោះតាំមានន័យថា ចុងអង្ករ) បានរៀបការប្រពន្ធថ្មី ហើយបង្កើត កូនស្រីម្នាក់ទៀត ឈ្មោះកាំ (ឈ្មោះកាំមានន័យថា កន្ទក់)។ ក្រោយពីឪពុកស្លាប់ តាំត្រូវបានម្តាយចុងបង្ខំឲ្យ ធ្វើការផ្ទះគ្រប់ប្រភេទ។ ទោះបីជាតាំត្រូវធ្វើការគ្រប់ប្រភេទក្រោមកម្តៅថ្ងៃក៏ដោយ កាំដែលមានសម្បុរខ្មៅ ស្រគាំដូចឈ្មោះរបស់នាងនៅតែ ច្រណែននឹងសម្រស់របស់តាំ ដែលកាន់តែស្អាតទៅៗ។

ថ្ងៃមួយ ម្តាយចុងនាងបានប្រើកាំ និងតាំឲ្យទៅរកត្រី ដោយសន្យានឹងឲ្យអាវកាក់ថ្មីមួយ សម្រាប់អ្នកដែល ចាប់បានត្រីច្រើនជាងគេ។ កាំដឹងច្បាស់ថា ម្តាយខ្លួននឹងមិនពិន័យនាងឡើយ។ នាងមិនខ្វល់ ហើយបែរជា ទៅងូតទឹកលេងយ៉ាងហំ។ តាំប្រឹងប្រែងចាប់ត្រីរហូតដល់ពេញកញ្ជើ។ ឃើញតាំចាប់បានត្រីច្រើនដូច្នោះ កាំក៏ប្រាប់ឲ្យតាំទៅលាងភក់ដែលប្រឡាក់សក់ចេញ ដើម្បីកុំឲ្យម៉ែស្តីបន្ទោស។ តាំស្តាប់តាមប្អួនស្រីក៏ចុះ ទៅងូតទឹកស្ទឹង ដើម្បីសម្អាតសក់។ ឃើញតាំចុះស្ទឹងភ្លាម កាំក៏ចាក់ត្រីដែលតាំរកបានចូលកញ្ជើនាង ទាំងអស់ ហើយរត់ត្រឡប់មកផ្ទះមុន។

ក្រោយដឹងថា នាងត្រូវប្អូនស្រីបោក តាំសោកសៅជាខ្លាំង ព្រោះដឹងថា នាងនឹងត្រូវម្តាយចុងវាយធ្វើបាប មិនខាន។ ភ្លាមៗនោះតាបសម្នាក់ បាននិម្មិតខ្លូនឡើង ហើយនិយាយលួងលោមនាង។ គាត់បានជបកូនត្រី ដំរីមាសមួយក្បាលនៅក្នុងល្អីរបស់នាង ហើយបានប្រាប់ថា ពេលទៅដល់ផ្ទះដាក់កូនត្រីនោះ ទៅក្នុងអណ្តូង ក្រោយផ្ទះ និងបានបង្រៀននាងឲ្យចេះសូត្រកំណាព្យពេលទៅឲ្យចំណីត្រី ដែលមានសេចក្តីថា៖ «ត្រីដំរី! ត្រីដំរី! អញ្ជើញមកឆីបាយមាស បាយប្រាក់របស់ខ្ញុំ។ បើបាយ ឬបបរជូរផ្អូម សូមកុំឆី ព្រោះមិនមែនជាចំណី ដែលខ្ញុំដាក់ឲ្យទេ!» តាំតែងតែទៅឲ្យចំណីកួនត្រីមួយថ្ងៃពីរបីដង ហើយតែងតែសូត្រកំណាព្យ ដើម្បីឲ្យត្រី ចេញមកស៊ីចំណី រហូតដល់កូនត្រីនោះ មានរូបរាងធំធាត់ (ល្មមស៊ី)។ នាងធ្វើបែបនេះ ជារៀងរាល់ថ្ងៃ រហូតដល់ម្តាយចុងនាងសង្ស័យ ហើយចាប់ផ្តើមតាមដាននាង តែគ្រប់ពេលដែលម្តាយចុងនាងអើតមើល អណ្តូង នាងមិនមានឃើញអ្វីឡើយ។ រហូតដល់ថ្ងៃមួយ នាងលបចាំមើលតាំដាក់ចំណីត្រី នាងក៏ដឹងភ្លាម ពីកំណាព្យពិសេស ដើម្បីហៅត្រី។ ពេលតាំចេញផុត ម្តាយចុងនាងក៏បន្លំជានាងហើយសូត្រកំណាព្យ។ ពេលត្រីចេញមក ម្តាយចុងក៏ចាប់ត្រីនោះយកទៅធ្វើបបរស៊ី។

ក្រោយដឹងរឿង តាំខូចចិត្តជាខ្លាំង។ តាបសដដែលបាននិម្មិតខ្លួនក្បែរនាងហើយនិយាយលួងលោមនាង ព្រមទាំងប្រាប់ឲ្យតាំយកឆ្អឹងត្រីនោះដាក់ក្នុងក្រឡបួនផ្សេងៗគ្នា យកទៅកប់នៅក្រោមជ្រុងគ្រែទាំងបួន របស់នាង។ មួយរយៈខ្លីក្រោយមក ក្នុងរាជវាំងបានរៀបចំពិធីបុណ្យប្រចាំឆ្នាំ ហើយបានបញ្ជាឲ្យអ្នក ដែលមានកូនស្រីទាំងអស់ចូលរួម។ តាំចង់ទៅចូលរួមដែរ តែនាងត្រូវម្តាយចុងប្រើឲ្យរើសសណ្តែកខ្មៅ និងសណ្តែកសចេញពីល្អីមួយដ៏ធំ។ ពេលដែលម្តាយកូនទាំងពីរនាំគ្នាធ្វើដំណើរទៅកាន់វាំង តាបសបាន និម្មិតខ្លួនសាជាថ្មី ហើយបានប្រាប់តាំឲ្យទៅគាស់ ក្រឡទាំងបួនដែលនាងបានកប់។

ក្រឡទីមួយនាងឃើញមានរ៉ូបពណ៌ខៀវលាយជាមួយពណ៌ប្រាក់ដ៏ស្រស់ស្អាត អាវកាក់ និងស្បៃធ្វើអំពី សូត្រ។ ក្រឡទីពីរនាងឃើញមានស្បែកជើងពណ៌មាសមួយគូ។ ក្រឡពីបីគឺជាកែប និងបង្ហៀរសេះ និងក្រឡចុងក្រោយគឺសេះមាឌធំមាំមួយក្បាល។ តាំស្លៀកពាក់យ៉ាងស្រស់សោភា ជិះលើខ្នងសេះសំដៅ ទៅកាន់រាជរាំង។ គ្រប់គ្នាលង់នឹងសម្រស់របស់តាំ តែភ្លាមៗនោះ ម្តាយ និងប្អូនស្រីចុងរបស់នាងក៏បាន ឃើញ។ តាំរត់ចេញពីវាំងភ្លាម ហើយក៏ហក់ឡើងលើខ្នងសេះជិះសំដៅមកផ្ទះវិញ។ តែនៅពេលនាងជិះកាត់ មាត់ជ្រោះ នាងក៏របូតស្បែកជើងមួយចំហៀងទៅក្នុងទឹក។ ស្បែកជើងបានហូរតាមខ្សែទឹករហូតទៅដល់ សួនច្បាររបស់ព្រះរាជបុត្រា។ អាមាត្ររបស់ព្រះរាជបុត្រាម្នាក់ បានរើសស្បែកជើងរបស់តាំ ហើយយក ទៅថ្វាយព្រះអង្គ។

ភ្លាមៗនោះ ព្រះរាជបុត្រាបានប្រកាសថា អ្នកណាដែលអាចពាក់ស្បែកជើងនោះត្រូវ នឹងត្រូវលើកធ្វើជា អគ្គមហេសីរបស់ព្រះអង្គ។ ស្រីៗដែលបានទៅចូលរួមពិធីបុណ្យ នៅក្នុងព្រះរាជវាំងទាំងអស់ សុទ្ធតែ អនុញ្ញាតឲ្យលស្បែកជើងទាំងអស់ តែគ្មានអ្នកណាអាចពាក់ត្រូវទេ។ ភ្លាមៗ តាំបានចេញមកពាក់ស្បែកជើង ដែរ ហើយគ្រប់គ្នា ពិសេសម្តាយ និងប្អូនស្រីចុងរបស់នាង បានភ្ញាក់ផ្អើលជាខ្លាំង។ តាំត្រូវបានហែចូល ព្រះរាជវាំង ដើម្បីត្រៀមរៀបអភិសេកជាអគ្គមហេសីរបស់ព្រះរាជបុត្រាភ្លាមៗដែរ។

នៅថ្ងៃគម្រប់ខួបបុណ្យសពរបស់ឪពុក តាំបានត្រឡប់មកផ្ទះ ដើម្បីធ្វើបុណ្យឲ្យឪពុក ជាមួយម្តាយ និង ប្អួនស្រីចុងរបស់នាង។ ម្តាយចុងនាងបានពឹងនាងឲ្យឡើង បេះផ្លែស្លាដើម្បីយកមករៀបចំពិធី។ នាងគោរព តាមសម្តីម្តាយ ក៏ឡើងទៅបេះស្លាដល់ចុងដើម។ ឃើញឱកាសល្អ ម្តាយចុងនាងបានយកពូថៅកាប់ដើមស្លា នោះ។ តាំធ្លាក់ពីលើដើមស្លា ស្លាប់តៃហោង។ តាមប្រពៃណី កាំដែលត្រូវជាប្អូនរបស់តាំ ត្រូវបានលើក ឲ្យរៀបអភិសេកជាមួយព្រះរាជបុត្រាជំនួសខ្មោចនាងតាំ។ ខ្មោចនាងតាំបានចាប់ជាតិក្លាយជាសត្វបក្សី ហើយហើរតាមប្អូនស្រីទៅកាន់ព្រះរាជវាំង។

ព្រះរាជបុត្រានៅតែខូចព្រះទ័យ និងនឹករឭកដល់នាងតាំជាអគ្គមហេសីដើមរបស់ព្រះអង្គជានិច្ច ទោះនៅក្បែរ ដើមទ្រូងព្រះអង្គមាននាងកាំជំនួស និងតែងតែយកចិត្តទុកដាក់លើទ្រង់ក៏ដោយ។ ថ្ងៃមួយ អ្នកបម្រើរបស់ ព្រះរាជបុត្រ បានទុកទុកអាវក្រោះរបស់ព្រះអង្គចំពន្លឺថ្ងៃ។ សត្វបក្សីដែលនាងតាំចាប់ជាតិនោះ បានស្រែក ច្រៀងដាស់តឿន ឲ្យអ្នកបម្រើមានការប្រុងប្រយ័ត្ន និងអាវក្រោះរបស់ស្វាមី។ ការស្រែកច្រៀងរបស់សត្វបក្សី បានអន្ទងចិត្តដល់អ្នកគ្រប់គ្នានៅក្នុងវាំង ជាពិសេសព្រះរាជបុត្រា។

ព្រះអង្គបាននិយាយទៅកាន់បក្សីតូចនោះ ថាបើសិនជាសត្វបក្សីពិតជាអគ្គមហេសីរបស់ព្រះអង្គ ដែលបាន មកចាប់ជាតិមែននោះ សូមសត្វបក្សីហើរទៅទំលើអាវក្រោះរបស់ព្រះអង្គ។ បក្សីតូច ក៏បានធ្វើតាមសំណើ របស់ព្រះរាជបុត្រា។ ចាប់ពីពេលនោះមក ព្រះរាជបុត្រាបានបញ្ជាឲ្យគេរៀបចំទ្រុងមាស ដ៏ស្រស់ស្អាតមួយ សម្រាប់សត្វបក្សី ហើយព្រះអង្គតែងតែចំណាយពេលរបស់ព្រះអង្គមកគង់ស្តាប់បក្សីតូចច្រៀងលេង។

នាងកាំដឹងរឿងខឹងខ្លាំងណាស់ ក៏យករឿងនេះទៅប្រាប់ និងសុំយោបល់ពីម្តាយ។ ម្តាយរបស់នាង បានប្រាប់ នាងឲ្យចាប់សត្វបក្សីនោះទៅឲ្យឆ្មាស៊ី។ កាំក៏ធ្វើតាមម្តាយរបស់ខ្លួន ហើយបោះស្លាបបក្សីចោលទៅក្បែរ របងព្រះបរមរាជវាំង។ ស្លាបបក្សី បានដុះក្លាយជាដើមឈើ។ ដោយឃើញមានម្លប់ត្រឈឹងត្រឈៃ ព្រះរាជបុត្របានបញ្ជាឲ្យអាមាត្រចងអង្រឹងនៅក្រោមដើមនោះ។

ព្រះអង្គតែងតែសុបិនឃើញនាងតាំជាអតីតភរិយាគ្រប់ពេលដែលព្រះអង្គបានមកសម្រាកព្រះកាយក្រោមដើមឈើនោះ។ នាងកាំចាប់ផ្តើមច្រណែន និងខឹងនឹងព្រះអង្គម្តងទៀត។ ក្រោយពេលដឹងរឿងហើយ ម្តាយនាងកាំបានប្រាប់ឲ្យនាង កាប់ដើមឈើនោះមកធ្វើជាកីតម្បាញ។ ក្រោយមក ពេលនាងកាំទៅអង្គុយ ត្បាញសម្លៀកបំពាក់នៅលើកីនោះ សំឡេងកីកកិតគ្នាលាន់សូរជាសំឡេងនាងតាំថា៖ «គ្រូកៗ គ្រាក់ៗ មីចោរខាតលក្ខណ៍ យកប្តីអញ!» នាងកាំខឹងណាស់ យករឿងនោះទៅប្រាប់ម្តាយ។

កាំស្តាប់តាមម្តាយក៏យកកីតម្បាញនោះទៅដុតចោល។ កន្លែងដែលនាងកាំយកកីទៅដុតនោះ ក៏បានដុះ ក្លាយជាដើមទម្លាប់ មួយដើមដែលមានផ្លែតែមួយគត់។ ថ្ងៃមួយ មានស្រ្តីចំណាស់ម្នាក់បានដើរកាត់ទីនោះ ហើយប្រាថ្នាចង់បានផ្លែទម្លាប់នោះមករក្សាទុក ដោយសន្យាថានឹងមិនបរិភោគផ្លែទម្លាប់នោះដាច់ខាត។ផ្លែទម្លាប់ជឿចិត្តស្រ្តីចំណាស់ ក៏ទម្លាក់កាយឲ្យស្ត្រីនោះយកទៅរក្សាទុក។ ថ្ងៃបន្ទាប់មក ពេលដែលយាយ ចំណាស់នោះចេញទៅធ្វើការ ផ្លែទម្លាប់នោះក៏កាឡាខ្លួនជានាងតាំ ចេញមកជួយធ្វើការងារផ្ទះរបស់យាយ ចាស់ទាំងអស់។ ពីមូយថ្ងៃទៅមូយថ្ងៃ យាយចាស់នោះបានសង្ស័យ ក៏លួចតាមដាន ឃើញជាក់នឹងភ្នែក។ ស្ត្រីចំណាស់បានកម្ទេចផ្លែទម្លាប់នោះចោល ដូចនេះនាងតាំមិនអាចរត់ចូលទៅក្នុងផ្លែទម្លាប់វិញបានទេ។

ថ្ងៃមួយ ព្រះរាជបុត្របានចេញទៅប្រពាតព្រៃដើម្បីបរបាញ់សត្វ ហើយឈប់សម្រាកនៅក្នុងខ្ទមយាយចាស់ នោះ។ គាត់បានប្រគេនម្លូស្លាទៅព្រះអង្គសោយ។ ព្រះរាជបុត្រស្រាប់តែ ចាប់អារម្មណ៍ទៅលើការរៀប តុបតែងសន្លឹកម្លូស្លា ដែលមានរូបរាងដូចទៅនឹងស្លាបហង្ស។ ព្រះអង្គបានសួរនាំរឿងនេះពីយាយចាស់ ដើម្បីរកមុខអ្នកដែលរៀបចំតង្វាយនេះ។ ស្ត្រីចំណាស់ ក៏បានហៅតាំចេញមកក្រៅឲ្យព្រះអង្គទត។

ព្រះអង្គមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបាននាំតាំត្រឡប់ចូលវាំងវិញ។ ក្រោយពីបានចូលវាំងវិញ កាំចេះតែ តាមជជីកសួដេញដោលរឿងសម្រស់របស់តាំ។ តាំក៏បានប្រាប់ទៅកាំថា បើចង់បានសម្រស់ស្អាត ត្រូវទៅ ងូតទឹកដែលដាំពុះ។ កាំឮដូចនេះក៏ទៅធ្វើតាមអ្វីដែលតាំបានប្រាប់។ កាំរលួយរលេះស្បែកស្លាប់មួយរំពេច។ សពរបស់នាងត្រូវបានញាត់ចូលក្រឡធ្វើផ្អក ហើយផ្ញើទៅឲ្យម្តាយចុង។ ម្តាយចុងមិនដឹងរឿង អរណាស់ បើកក្រឡភ្លាម ឆីភ្លែត។ ថ្ងៃមួយពេលដែលកំពុងឆី មានសត្វក្អែកមួយហ្វូងបានស្រែកយំពីលើដំបូលផ្ទះថា៖ «ឆ្ងាញ់់ណាស់ៗ ស៊ីសាច់កូនឯង មានសល់ទេវ៉ឺយ ចែកអញស៊ីផង!» ម្តាយចុងនោះខឹងនឹងសត្វក្អែក ទាំងនោះខ្លាំងណាស់ ហើយភ្លាមៗនោះនាងបានឃើញមានលលាដ៍ក្បាលរបស់នាងកាំនៅឯបាតក្រឡ។ ម្តាយចុងរបស់តាំក៏គាំងបេះដូងស្លាប់ភ្លាមៗតែម្តង៕

ដើម្បីឲ្យកាន់តែជ្រៀបច្បាស់សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ៖

មតិយោបល់