ព័ត៌មានជាតិ

សំពះប៉ូលិស ឲ្យជួយយកកូនអាយុជាង១ខែ ដែលអ៊ុំស្រីយកទៅលក់មកវិញ

ភ្នំពេញៈ ស្ត្រីម្នាក់ បានមកយំសំពះប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ជាលើកទី២ឲ្យជួយអន្តរាគមន៍យកកូនបង្កើតរបស់ខ្លួនដែលមានអាយុទើបតែ១ខែដប់ថ្ងៃ ត្រឡប់មកឲ្យខ្លួនវិញ ក្រោយពីត្រូវបានបងស្រីដែលជាអ៊ុំយកទៅលក់ឲ្យគេអស់រយៈពេល២ថ្ងៃកន្លងមក។

ស្ត្រីខាងលើដែលយំមកប្តឹងសមត្ថកិច្ចខាងលើនេះ មានឈ្មោះ ហឹម វិនធីវ័ន្ត អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមការឲ្យដឹងថា ពីស្ត្រីខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៦ គាត់បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យម្តងរួចមកហើយ ប៉ុន្តែមិនមានចំណាត់ការណាមួយសម្រាប់គាត់នោះទេ ទើបនៅព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ គាត់បានមកកាន់ប៉ុស្តិ៍ស្ទឹងមានជ័យម្តងទៀត ដោយយំសំពះសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍យកកូនរបស់គាត់មកវិញ។ ក្រោយពីស្តាប់ការលើកឡើងរបស់ស្ត្រីខាងលើរួចមក សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះទៅដល់ផ្ទះបងស្រីបង្កើតរបស់ស្ត្រីខាងលើដែលមានឈ្មោះ ហ៊ឹម ស៊ុនណារី ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប៉ុន្តែត្រូវបានស្ត្រីជាបងស្រីនិងជាអ៊ុំរបស់ក្មេងរូបនោះបដិសេធថា គាត់មិនបានដឹងអីនោះទេ ដោយអះអាងថា ប្អូនស្រីរបស់គាត់ជាមនុស្សឆ្កួត ទៅវិញ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីស្ត្រីខាងលើនេះរួច កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានកោះហៅស្ត្រីជាបងរបស់ស្ត្រីខាងលើ មកធ្វើការសាកសួរដើម្បីឲ្យដឹងមូលហេតុ ពិតប្រាកដឬក៏ជារឿងប្រឌិត ។

ប៉ុន្តែបើតាមការឲ្យដឹងតាមការទំនាក់ទំនងតាមរយៈទូរសព្ទជាមួយនិងស្ត្រីជាស្រីបង្កើតម្នាក់ទៀតឈ្មោះ ហ៊ឹម វុទ្ធី បានឲ្យដឹងថា ដោយសារតែស្ត្រីខាងលើអស់លទ្ធភាពចិញ្ចឹមកូន ទើបបងគាត់យកទៅឲ្យគេដែលមានលទ្ធភាពចិញ្ចឹមតែម្តងទៅ៕

https://youtu.be/PKBHr0UHP9k

មតិយោបល់