ព័ត៌មានជាតិ

ជនជាប់ចោទ៧នាក់ ដែលបានរំលោភស្រីរកសុីផ្លូវភេទម្នាក់ រួចសម្លាប់រំអង្រឹងចោល នៅខណ្ឌពោធិ៍សែនជ័យ ត្រូវតុលាការបើកសវនាការជម្រះទោស

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវ: ដែលបានកើតឡើងនៅក្នុងខណ្ឌពោធិសែនជ័យ កាលពីម៉ោងប្រមាណជាង១២យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ មកធ្វើការសវានាការលើអង្គសេចក្តី។

ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន៧នាក់៖
-ទី១ ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ ៥១ឆ្នាំ
-ទី២ ឈ្មោះ ម៉ម វណ្ណាន ហៅចយ ភេទប្រុស អាយុ ២០ឆ្នាំ
-ទី៣ ឈ្មោះ អៀម ឡុច ភេទប្រុស អាយុ ២០ឆ្នាំ
-ទី៤ ឈ្មោះ ណាង ណាវី ភេទប្រុស អាយុ ១៩ឆ្នាំ
-ទី៥ ឈ្មោះ ខាត់ សួរ ហៅសង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ
-ទី៧ ឈ្មោះ មឿន ខី ភេទប្រុស អាយុ ១៨ឆ្នាំ
-ទី៨ ឈ្មោះ ជិន ណាវី ភេទប្រុស អាយុ ២៩ឆ្នាំ

ជនជាប់ចោទត្រូវបានលោក ខាំ សុផារី តំណាងអយ្យការបានចោទប្រកាន់ពីបទ ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវ: ប្រព្រឹត្តនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការពេញមួយព្រឹកនេះអង្គសវនាការបានធ្វើការ សាកសួរដេញដោលលើជនជាប់ចោទ ចំនួន ៣នាក់សិនប៉ុណ្ណោះ ដោយរួមមាន៖

-ទី១.ឈ្មោះ ណាង ណាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ ជនជាប់ចោទបាន បដិសេធគ្រប់ចម្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌ ដំណាក់កាលតំណាងអយ្យការ និងចៅក្រមសើុបសួរ។ ជនជាប់ចោទបាន អះអាងថា ឈ្មោះ ព្រៃ សុកឡាក់ ជាអ្នកលួងលោមឱ្យខ្លួនឆ្លើយ និងមានការវាយបង្ខំពីនគរបាល ឱ្យឆ្លើយសារភាពតាមដែលគេចង់បាន។

-ទី២. ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ យាមឃ្លាំង មានស្រុកកំណើតខេត្តកំពងចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនដែលបានបង្គាប់ឈ្មោះ ណាង ណាវី ឱ្យឆ្លើយសារភាពថា បានរំលោភនារីរងគ្រោះទេ។ ជនជាប់ចោទបានបន្តថា ខ្លួនបានឃើញជនជាប់ចោទដទៃទៀត ផឹកសុីក្បែរកន្លែងខ្លួនឃាមឃ្លាំង ក្រោយមកខ្លួនបានឮក្រុមនោះនាំគ្នាទៅយកស្រីមកដេក។ លុះព្រឹកថ្ងៃបន្ទាប់ក៏មានខ្លួនបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់ ដោយគេរំអង្រឹង ចោលក្នុងដីឡូត៍មួយកន្លែង ជិតឃ្លាំងដែលខ្លួនឃាម ក្រោយមកខ្លួនបានទូរស័ព្ទទៅនគរបាលឱ្យមកពិនិត្យ។

-ទី៣ ឈ្មោះ អៀម លុច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ ជនជាប់ចោទបាន បដិសេធថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ជនជាប់ចោទបាន ឆ្លើយថាឈ្មោះ ព្រៃ សុកឡាក់ បង្គាប់ឱ្យឆ្លើយថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះនៅក្រោយវត្តអង្គតាមិញ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥មែន ដោយមាននគរបាលវាយឱ្យឆ្លើយផងដែរ។ ជនជាប់ចោទបាននិយាយថា នៅយប់កើតហេតុ ខ្លួនបាននាំគ្នាផឹកសុីនៅខារ៉ាអូខេ និងមកផឹកបន្តនៅកន្លែងធ្វើការទៀត។

ទោះជាយ៉ាងណា សវនាការមិនទាន់បានបិទបញ្ចប់ ការសាកសួរដេញដោលនោះទេ ដោយលោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលទៅបន្តនៅពេលក្រោយ៕

photo_2016-05-16_12-18-01

 

 

មតិយោបល់