ព័ត៌មានជាតិ

តុលាការនឹងចាត់ការរឿងបុរស កូសូវ៉ូម្នាក់ ករណីឆបោកប្រាក់ មន្ត្រីធំស្រុកខ្មែរ ២៧លានដុល្លារនៅថ្ងៃស្អែក

ភ្នំពេញៈ ប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាម Telegram នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា សំណុំរឿងទាក់ទងនឹងជនបរទេសដែលពាក់ពន្ធ័នឹងគម្រោងវិនិយោគនោះ អយ្យការបានបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ឆបោក និងសមគំនិតក្នុងអំពើមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា ថ្ងៃទី២៦ ខែឧសភា និង១២ មិថុនា ឆ្នាំ២០១៧ តាមមាត្រា ២៩ មាត្រា ៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

លោកបន្ដថា សំណុំរឿងមួយនេះត្រូវាបានតំណាងអយ្យការបញ្ជូន ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តហើយ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ DENIS COKOVIC ហៅ DENIS DENY ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ កូសូវ៉ូ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នៅរាជធានីភ្នំពេញ តាមបណ្ដឹងរបស់លោកជំទាវ ឃឹម រ៉ានី អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាភរិយារបស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យកម្ពុជា។

នៅក្នុងបណ្ដឹងនោះ បានបញ្ជាក់ថា ជនសង្ស័យបាន ឆបោកប្រាក់ពីដើមបណ្ដឹងប្រមាណជា ២៧លានដុល្លារ ពាក់ព័ន្ធគម្រោងសាងសង់ រីហ្សត នៅក្នុងខេត្តកែប និងកំពត៕

https://youtu.be/Ubgpuk3rehs

មតិយោបល់