កំពតៈ ឥទ្ធិពលខ្យល់ព្យុះ ឬសំពាធទាប ដែលធ្វើឲ្យមានភ្លៀងធ្លាក់ឥតឈប់ឈរ និងលាយខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យលំនៅស្ថានមួយខ្នងដួលរលំ និងផ្ទះ ព្រមទាំងដីស្រែ ចម្ការ រាប់សិបហិចតាផ្សេងទៀត របស់ពលរដ្ឋខេត្តកំពត ត្រូវបានជនលិចខូចខាតគ្មានសល់ នេះបើតាមការអោយដឹងពីមន្ត្រីសមត្ថកិច្ច។
បើយោងទៅតាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានប្រកាសជូនដំណឹងដល់ពលរដ្ឋខេត្តកំពតឲ្យដឹងថា កម្រិតទឹកដែលឡើងដោយសារទឹកភ្លៀង ក្នុងខេត្តនេះ គឺបានឡើងខ្ពស់ហួសប្រមាណទៅហើយ ហើយក៏បណ្តាលឲ្យឃុំមួយចំនួនរងការជនលិចខ្លាំងជាងគេផងដែរ រួមមានឃុំស្ទឹងកែវ ឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាង្គ នៃស្រុកទឹកឈូ ខណៈដែលអាងទំនប់វារីអគ្គិសនីកំចាយ កម្ពស់ទឹកក៏បានឡើងដល់កម្រិតប្រកាសអាសន្ន។
ក្រៅពីការឡើងកម្ពស់ទឹកបណ្តាលឲ្យជនលិចក្នុងតំបន់មួយចំនួនបែបនេះ ក៏មានលំនៅដ្ឋានមួយខ្នងរបស់ពលរដ្ឋ បានដួលរលំផងដែរ បើតាមការបញ្ជាក់របស់មន្ត្រីនគរបាល ផ្ទះដែលរលំខាងលើគឺបណ្តាលមកពីខ្យល់កន្ត្រាក់ មានទំហំ៤គុណ៥ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ក៏ប៉ុន្តែក្នុងហេតុការណ៍រលំផ្ទះ និងជនលិចនេះ ពុំមានរបាយការណ៍ណាមួយបញ្ជាក់ថាមានមនុស្សបាត់ខ្លួននិងរងគ្រោះថ្នាក់នោះទេ។
ដូច្នេះតាមរយៈបាតុភូតខាងលើនេះ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ក៏បានអំពាវនាវឲ្យបងប្អូនក្នុងខេត្ត ពិសេសនៃតំបន់ខាងលើ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ អំពីគ្រោះថ្នាក់ផ្សេងៗ និងការពារកុមារតូចៗកុំឲ្យលេងទឹក ឬគ្រប់គ្រងលើសត្វពាហនះជាដើម ម្យ៉ាងទៀតគួរត្រៀមស្បៀងអាហារ និងសម្ភារៈមួយចំនួនសម្រាប់ផ្គត់ផ្គង់ និងដោះស្រាយក្នុងគ្រាចាំបាច់ណាមួយ៕
https://youtu.be/ljM9hinlpQ0
មតិយោបល់