ភ្នំពេញៈ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ឈួន សារុន ភេទប្រុស អាយុ៣៩ឆ្នាំ និងទី២ឈ្មោះ សួន ចាន់រតនៈ ភេទប្រុស អាយុ ២៤ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ក្នុងម្នាក់ៗ ៥ឆ្នាំ ពីបទ ក្លែងឯកសារសាធារណៈ និងបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តអំឡុងឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៩ និងមាត្រា ៦៣០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ ឈួន សារុន បានឆ្លើយថា ខ្លួនបានស្គាល់ឈ្មោះ សួន ចាន់រតនៈ ពេលធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រង មែនញូឡាយ អំឡុងឆ្នាំ២០១៣។
ក្រោយមកឈ្មោះ សួន ចាន់រតនៈ បានប្រាប់ខ្លួនថា គេដូរទៅធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយ បើខ្លួនចង់ធ្វើការដែរ គេអាចជួយបាន។
បន្ទាប់ពីបានពិភាក្សាគ្នា រឿងចូលក្របខណ្ឌរួច ឈ្មោះ សួន ចាន់រតនៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានផ្ញើលិខិតឧទ្ទេសនាម ០១ ច្បាប់មកឲ្យខ្លួនតាមរយៈ ប្រអប់សារ ហ្វេសប៊ុក មានគណនីឈ្មោះ ឪសែន រតនៈហ៊ុន ដែលលិខិតនោះមានហត្ថលេខា និងត្រា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានតែងតាំងខ្លួន ជាទីប្រឹក្សារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ នៅពេកផ្ញើមកនោះឈ្មោះ សួន ចាន់រតនៈ បានប្រាប់ខ្លួនថា ឲ្យប្រយ័ត្នក្នុងការប្រើប្រាស់លិខិតនោះផង។
ក្រោយពីបានទទួលលិខិតនោះ ខ្លួនបានយកទៅបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ សារុន ឈួន នៅចុងខែវិច្ឆិកា ឆ្នាំ២០១៤ ខ្លួនបានយកលិខិតនោះបង្ហោះម្តង។
លុះដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួនបានយកលិខិតនោះបង្ហោះម្តងទៀត ដោយខ្លួនបានដូរគណនី ពីឈ្មោះ សារុន ឈួន ទៅជា ឈ្មោះ ហ៊ុន សែន ក្រោយពីបង្ហោះបានប្រមាណតែ២៤ម៉ោងប៉ុណ្ណោះ នៅថ្ងៃទី៩ ខែវិច្ឆកា សមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ដោយឡែកឈ្មោះ សួន ចាន់រតនៈ បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តអ្វីទាំងអស់ ដោយឆ្លើយដោះសារថា មានឈ្មោះ ធៀន ធ្វើការនៅអគ្គនាយកដ្ឋានកងអង្គរក្ស សម្តេចតេជោ ជាអ្នកធ្វើ។
គួរកត់សម្គាល់ថា មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលដែល សាក្សីឈ្មោះ សេង លក្ខិណា ជាប្រពន្ធរបស់ជនជាប់ចោទឈ្មោះ ឈួន សារុន បានយកលិខិតក្លែងក្លាយមួយច្បាប់ទៀតមកប្រគល់ជូនតុលាការ ដែលលិខិតនោះ បានប្រើប្រាស់ត្រា និងហត្ថលេខា សម្តេចតេជោ ហ៊ុនសែន ស្មើទៅព្រះមហាក្សត្រ សុំតែងតាំងឈ្មោះ សួន ចាន់រតនៈ ជាប្រធានក្រុមនីតិកម្មនៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រីបានប្រាប់អង្គសវនាការថា លិខិតកលែងក្លាយទាំងអស់គឺប្តីលោកស្រី និងឈ្មោះ សួន ចាន់រតនៈ ជាអ្នកធ្វើ និងបានបង្ហាញលោកស្រីថែមទៀតផង។
លោកឧត្តមសេនីយត្រី ឆែ ឈុន អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជាក់ឲ្យសវនាការដឹងថា ក្រោយពីបានឃើញគណនីហ្វេសប៊ុក ប្រើឈ្មោះ សម្តេចតេជោ បង្ហោះលិខិតក្លែងក្លាយបែបនោះកម្លាំងសមត្ថកិច្ចនាយកដ្ឋានលោកបានបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនជាប់ចោទឈ្មោះ ឈួន សារុន ទៅសួរនាំ និងតាមចាប់បានជនជាប់ចោទឈ្មោះ សួន ចាន់រតនៈ ជាបក្ខពួកម្នាក់ទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
https://youtu.be/kqrFplRptxQ
មតិយោបល់