មណ្ឌលគិរីៈ ជនជាតិដើមភាគតិចចំនួនជាង៥០នាក់ តំណាងឲ្យ១០០គ្រួសារមកពីឃុំស្រែឈូក បាននាំគ្នាមកប្រមូលផ្តុំនៅសាលាស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ម្បីជួបប្រជុំរកដំណោះស្រាយពីបញ្ហាដីធ្លី ដែលបានអូសបណ្តាយអស់រយៈពេលប្រមាណជាង៤ឆ្នាំមកហើយ។ កិច្ចប្រជុំរកដំណោះស្រាយនេះ បានធ្វើឡើងក្រោមវត្តមានលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត នឹងមានការចូលរួមពីមន្ត្រីសាលាខេត្ត មន្ត្រីសាលាស្រុក រួមនឹងប្រជាពលរដ្ឋជាតំណាងសហគមន៏ ចំនួន៨រូប ដែលបានធ្វើនៅក្នុងបន្ទប់ប្រជុំសាលាស្រុកកែវសីមា កាលពីព្រឹក ថ្ងៃទី២ មិថុនា ២០១៦។
កិច្ចប្រជុំរកដំណោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឺ១ (វៀតណាម) គេនៅមិនទាន់ឃើញទទួលបានលទ្ធផលអីជាដុំកំភួននៅឡើយ។ខណៈ តំណាងប្រជាពលរដ្ឋរងគ្រោះប្រមាណជាង 100គ្រួសា បានអះអាងថាពួកគាត់បានដាក់ពាក្យប្តឹងក្រុមហ៊ុនខាងលើថាបានរំលោភដីធ្លីពួកគាត់តាំងពីឆ្នាំ២០១២ ប្រមាណជា 500ហិកតា ហើយរហូតមកដល់បច្ចុប្បន្ននេះ ពួកគាត់បានបញ្ជាក់ថាពុំទាន់ទួលបានដំណោះស្រាយ និងទទួលបានដីសម្រាប់បង្ករបង្កើនផលកសិកម្មនៅឡើយ។
លោកសុក រដ្ឋា ប្រធានអង្គការអាហុដប្រចាំខេត្តមណ្ឌលគិរីបានឲ្យដឹងថា បើទោះបីជា អាជ្ញាធរស្រុក និងខេត្តបានអះអាងថា ករណីនេះបានដោះស្រាយរួចហើយក៏ដោយ តំណាងពលរដ្ឋរងគ្រោះបាននិយាយថា អាជ្ញាធរត្រូវចុះបង្ហាញទីតាំងដែលខ្លួនអះអាងថាបានដោះស្រាយ ហើយត្រូវបញ្ជាក់ឲ្យបានច្បាស់ និងតម្លាភាពអំពីមុខសញ្ញាអ្នកទទួលបានដីទំនាស់នេះ។ ទោះបីលទ្ធផលនៃការដោះស្រាយមកនោះយ៉ាងណាក៏ដោយ ពលរដ្ឋរងគ្រោះនូវតែអះអាងថា នឹងមិនព្រមជាដាច់ខានប្រសិនបើមិនបានដីត្រឡប់មកវិញ និងមិនព្រមទទួលយកជាដាច់ខានប្រសិនបើការដោះស្រាយនោះខុសពីទីតាំងដែលពួកគាត់បានប្តឹងទាមទារគន្លងមក។
លោកបានបន្តថា តំបន់ដែលប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងទាមទារតវ៉ានោះត្រូវបានអាជ្ញាធរឃុំទទួលស្គាល់ថាពិតជាដីចំការវិលជុំរបស់ពលរដ្ឋរបស់គាត់ពិតប្រាកដមែន។ចំនុចទាំងនោះរួមមាន (ស្រែងិន ស្រែត្រាវ ត្រពាំងផ្លឹស និងក្បាលអូរតាយ៉ង់)។ចំពោះការចុះទៅចង្អុលទីតាំងដីទំនាស់ដែលអាជ្ញាធរអះអាងថា បានដោះស្រាយរួចមកហើយនោះ មិនទាន់បានកំណត់ថ្ងៃច្បាស់លាស់ទេ។
ចំណែកភាគីខាងអាជ្ញាធរបាន បញ្ជាក់ថា ករណីខាងលើនេះគឺបានដោះស្រាយចប់រួចរាល់អស់ហើយ ដូច្នេះរង់ចាំតែកំណត់ថ្ងៃចុះទៅ ធ្វើការវាស់វែង ចុចGPS នឹងដាំបង្គោលកំណត់ព្រំប៉ុណ្ណោះ៕
https://youtu.be/Aq0kLqApVQw
https://youtu.be/WCjVDmDa-UY
https://youtu.be/DyKQLCKH7Ao
https://youtu.be/0m7QEwtvB9s
មតិយោបល់