ព័ត៌មានជាតិ

ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ ២០១៦

ភ្នំពេញៈ ដោយមានការគាំទ្រពីស្ថាតទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា សមាគមអតីតនិស្សិតអាហារូបករណ៍ ហ្វ៊ុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក ឬហៅកាត់ជាភាសាអង់គ្លេសថា FUSAAC បានរៀបចំឡើងនូវព្រឹត្តិការណ៍ពិព័រណ៍ជំនាញសិក្សា និងការងារ (Major andCareer Fair 2016) នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានសិស្សនិស្សិតមកពីសាលាផ្សេងៗចូលរួមប្រមាណជាង២៣០០នាក់ជារៀងរាល់ឆ្នាំ។

សិស្សនិស្សិតនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យ អាចចូលរួមសកម្មភាពតាំងពិព័រណ៍នេះ ដើម្បីប្រាស្រ័យទាក់ទងគ្នា ជជែកពិភាក្សាស៊ីជម្រៅពាក់ព័ន្ធនឹងប្រធានបទផ្សេងៗ ដែលជួយឲ្យពួកគេមានភាពជោគជ័យក្នុងការជ្រើសរើសមុខជំនាញ សិក្សានិងអាជីពការងារ។ មិនត្រឹមតែទទួលបាននូវព័ត៌មានដែលខ្លួនឯងចង់បានប៉ុណ្ណោះទេ ព្រមទាំងមានឱកាសធ្វើការសាកសួរដោយផ្ទាល់ ជាមួយវាគ្មិនជាង៥០រូប មានឯកទេសច្បាស់លាស់ទៅតាមមុខជំនាញនីមួយៗ។

លោក ហាហ្សាន់ អ៊ិលយ៉ាសគិ្គ អ្នកដឹកនាំគម្រោងពិព័រណ៍ជំនាញសិក្សានិងការងារប្រចាំឆ្នាំ២០១៦ជឿថា “ពិព័រណ៍ជំនាញសិក្សា និងការងារមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់របស់ FUSAAC តែមួយនោះទេ តែវាជាព្រឹត្តិការណ៍ដ៏ធំក្នុងចំណោមព្រឹត្តិការណ៍ផ្សេងទៀតៗ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ។ សមិទ្ធផលដែលយើងបានបង្កើតឡើងតាំងពីឆ្នាំ២០១១ បានជួយលើកទឹកចិត្តក្រុមការងាររបស់យើងឲ្យពាំនាំយកព័ត៌មានចំណេះដឹងយ៉ាងសម្បូរបែប និងមានផលប្រយោជន៍កាន់តែច្រើនថែមទៀតដើម្បីមកចែករំលែកនៅក្នុងកម្មវិធីជារៀងរាល់ឆ្នាំ”។

នាឱកាសនោះ លោកបានអរគុណទៅកាន់អ្នកចូលរួមឧបត្ថមកម្មវិធីអ្នកគាំទ្រ និងអ្នករៀបចំកម្មវិធីដែលពោពេញដោយថាមពលដ៏ស្វិតស្វាញដែលបានចួលរួមជាចំណែកធ្វើឲ្យព្រឹត្តិការណ៍ពិព័រណ៍ជំនាញសិក្សា និងការងារទទួលបានជោគជ័យជាថ្មីម្ដងទៀត។ សិស្សនិស្សិតនឹងពេញចិត្តនូវអត្ថប្រយោជន៍និងទទួលបានព័ត៌មានដែលមានសារៈសំខាន់ដែល នឹងជួយដឹកនាំពួកគេសម្រេចគោលបំណងនាថ្ងៃអនាគត។

គួររំលឹកថា សមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១។

នៅក្នុងឆ្នាំ២០១០បានពង្រីកគោលដៅនិងវិសាលភាពនៃសកម្មភាពផ្សេងៗ និងការប្រើប្រាស់ធនធានដែលមានស្រាប់ FAAC និងបានដាក់បញ្ចូលអតីតនិស្សិត ដែលទទួលបានការឧបត្ថមផ្លាស់ប្ដូរកម្មវិធីសិក្សាទៅអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅកម្ពុជាជាសមាជិក។

បច្ចុប្បន្ននេះ មានសមាជិកត្រូវជា អតីតនិស្សិតចំនួនជាង ៣០០នាក់ មកពីកម្មវីធីអាហារូបករណ៍ផ្សេងៗគ្នា ដែលត្រូវបានផ្ដល់តាមរយៈក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក៕

photo_2016-06-05_12-28-09photo_2016-06-05_12-28-10 (2)photo_2016-06-05_12-28-10photo_2016-06-05_13-10-47 - Copyphoto_2016-06-05_13-10-48 (2)photo_2016-06-05_13-10-48photo_2016-06-05_13-10-49photo_2016-06-05_13-10-51

មតិយោបល់