ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញខូចគុណភាពតាមតូបលក់នានា ដែលដាក់តាំងលក់នៅតាមគេហដ្ឋាន ក្នុងនោះសមត្ថកិច្ចជំនាញបានរកឃើញ ផលិតផលទំនិញម្ហូបអាហារជាច្រើន ជាពិសេសនំស្រួយកញ្ចប់សម្រាប់ក្មេង។
ការចុះអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យខាងលើនេះ បានប្រព្រឹត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា ជាញឹកញាប់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត បានចុះធ្វើការផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ ព្រមទាំងបានដកហូតទំនិញខូចគុណភាព និងហួសសុពលភាព យកទៅកម្ទេចចោល ដើម្បីការពារសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ ឲ្យយល់ដឹងពីសារៈសំខាន់នៃការជ្រើសរើសទំនិញ មកដាក់តាំងលក់ និងយកមកទទួលទាន ប្រកបដោយសុវត្ថិភាព។
លោកអនុប្រធាន បានបន្តថា ស្របពេលដែលទីផ្សារសេរី និងសម័យទំនើប ធ្វើឱ្យទំនិញមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដែលបញ្ហានេះធ្វើឲ្យសាខាកាំកុងត្រូលព្រួយបារម្មណ៍ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលពួកគាត់មិនទាន់មានការយល់ដឹង និងការប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេស និងក្នុងស្រុកដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ព្រមទាំងខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលា។
សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនាពេលនោះ សាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព មានដូចជា៖ នំស្រួយកញ្ចប់ ចំនួន៧២៥កញ្ចប់ ទឹកក្រូចចំនួន៥៧ដប កម្ទេចមីចំនួន១៣កញ្ចប់ ទឹកត្រចៀកកាំចំនួន៣កំប៉ុង ទឹកផ្លែឈើចំនួន២កំប៉ុង និងមីកញ្ជប់ចំនួន២១កញ្ចប់ ដើម្បីយកទៅកម្ទេចចោល៕
មតិយោបល់