ភ្នំពេញៈ មិនដូចជាអ្វីដែលបានគ្រោងទុកនោះទេ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ មិនទាន់អាចបើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោសបុរសជនជាតិចិនម្នាក់ និងបុរសខ្មែរម្នាក់ មានតួនាទីនាយកវិទ្យាស្ថាន IPAT ពាក់ព័ន្ធ ករណី នាំនិស្សិតខ្មែរទៅ លក់ឲ្យធ្វើជាកម្មកររោងចក្រនៅប្រទេសចិន នៅឡើយទេ ដោយលើកទៅថ្ងៃក្រោយ មិនទាន់កំណត់កាលបរិច្ឆេទ។
ការលើកពេលប្រកាសសាលក្រមនេះ ត្រូវបានលោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បញ្ជាក់ថា មកពីអវត្តមាននៃចៅក្រមប្រឹក្សា។
សូមបញ្ជាក់ថា លោក រៀល សុភិន ជាតំណាង អយ្យការបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ អ៊ិន ស៊ីម៉ាណាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជានាយក វិទ្យាស្ថាន បណ្តុះ បណ្តាល គណនេយ្យ វិជ្ជាជីវៈ (IPAT) និង ទី២ឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ពីបទ នាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្តអំឡុងចុងឆ្នាំ២០១៥ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ជនជាប់ចោទឈ្មោះ អ៊ិន ស៊ីម៉ាណាន់ បានសារភាពថា ខ្លួនពិតជាបាន ផ្សព្វផ្សាយជ្រើសរើសនិស្សិត ឲ្យទៅរៀននៅសាកលវិទ្យាល័យ ច្នៃម៉ូតសម្លៀកបំពាក់ ផ្នែកច្នៃម៉ូតសម្លៀកបំពាក់ ក្នុងប្រទេសចិន ដោយតម្រូវឲ្យនិស្សិត បង់លុយពី ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារ។
ជនជាប់ចោទបន្ដថា នៅពេលទៅដល់ប្រទេសចិន និស្សិតអាច មានការងារធ្វើក្រៅម៉ោង បានប្រាក់ខែចន្លោះពី ៥០០ ទៅ៦០០ដុល្លារ ខ្លួនមិនបាន បោកប្រាស់និស្សិតយកទៅលក់ឱ្យធ្វើជាកម្មករ នៅរោងចក្រក្នុងប្រទេសចិនឡើយ។
ចំណែកជនជាប់ចោទឈ្មោះ Liu Wing Hing បានបដិសេធថា ខ្លួនមិនបានដឹងរឿងអ្វីទេ គឺគ្រាន់តែជួយរត់ការឯកសារនាំនិស្សិត ទាំងអស់ទៅប្រទេសចិនតែប៉ុណ្ណោះ។
ជនរងគ្រោះដែលបានចូលរួមក្នុងសវនាការបាន អះអាងថា មាននិស្សិតចំនួន ២២នាក់ ដែលត្រូវចាញ់បោក ជនជាប់ចោទទាំងពីរនាក់ខាងលើ អស់ប្រាក់ពីចន្លោះ ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារក្នុងម្នាក់ៗ។
ជនជាប់ចោទបាន បញ្ជូនពួកគេ ទៅធ្វើជាកម្មកររោងចក្រកាត់ដេរ ដោយធ្វើការពី៨ ទៅ១០ម៉ោងក្នុង១ថ្ងៃ ដោយគ្មានពេលសម្រាក និងទទួលបានប្រាក់ខែតែ ១០០ ទៅ១២០ដុល្លារតែប៉ុណ្ណោះ មិនដូចជាអ្វីដែលជនជាប់ចោទបានសន្យានោះទេ។
ក្រោយពីពួកគេដឹងខ្លួនថា ត្រូវចាញ់បោកគេ ជនជាតិចិនបាន ដកហូតលិខិតឆ្លងដែនរបស់បពួកគេទុក និងបង្ខាំងពួកគេឱ្យធ្វើការ គ្មានពេលសម្រាក។ ក្រោយមកដោយទ្រាំមិនបាន បពួកគេក៏បាននាំគ្នារត់ទៅរកស្ថានទូតខ្មែរឱ្យជួយអន្តរាគមន៍ និងបញ្ជូនមកប្រទេសកម្ពុជាវិញ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រោយពីសាកសួរដេញដោលចប់សព្វគ្រប់ លោក រៀល សុភិន ជាតំណាងអយ្យការ ដែលជាចោទប្រកាន់លើជនជាប់ចោទផ្ទាល់ បែជាស្នើសុំឱ្យតុលាការលើកលែងការចោទប្រកាន់លើជនជាប់ចោទជាជនជាតិឈ្មោះ Liu Wing Hing ទៅវិញ។
គួររំលឹកថា ជនជាប់ចោទ ទាំង២នាក់ខាងលើ ធ្លាប់ត្រូវបាន តុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ៧ឆ្នាំ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែ ជនជាប់ចោទឈ្មោះ Liu Wing Hing ជាជនជាតិចិនបាន ប្តឹងទាស់នឹងសាលក្រម។
មហាជនកំពុងរងចាំមើលថា តើសំណុំរឿងនេះ អាចប្រែពណ៌តាមការស្នើសុំរបស់លោកតំណាងអយ្យការដែរឬទេ? ខណៈដែល ជនជាប់ចោទ បាននាំពលរដ្ឋខ្មែរទៅលក់នៅប្រទេសចិន រាប់សិបនាក់បែបនេះ៕
https://youtu.be/XtZQ2TksSY8
មតិយោបល់