ព័ត៌មានសុខភាព

មនុស្សភាគតិចណាស់ដែលដឹងថា សាច់ទ្រូងមាន់មានប្រយោជន៍អស្ចារ្យសម្រាប់សុខភាព

សាច់មាន់ គឺជាអាហារមួយប្រភេទដែលគេពេញនិយមខ្លាំងបំផុតនៅទូទៅទាំងពិភពលោក ព្រោះវាមានរសជាតិឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ច្រើនលើសលប់សម្រាប់សុខភាព។ ប៉ុន្តែ អ្នកដឹងទេថា តើផ្នែកណានៃរាងកាយសត្វមាន់ផ្តល់អត្ថប្រយោជន៍ខ្លាំងជាងគេ? នៅក្នុងចំណោមសរីរាង្គទាំងអស់ មានតែទ្រូងមាន់ទេដែលគេចាត់ទុកជាសាច់ស្លូត គ្មានខ្លាញ់ ហើយមានផ្ទុកប្រូតេអ៊ីនកម្រិតខ្ពស់។ លើសពីនេះទៅទៀត វាមានផ្ទុកវីតាមីន E វីតាមីន B6 និងវីតាមីន B12 ព្រមទាំងសារធាតុរ៉ែផ្សេងៗទៀត ដែលល្អបំផុតសម្រាប់សុខភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានសាច់ទ្រូងមាន់៖

១.ជួយសម្រកទម្ងន់
សាច់ទ្រូងមាន់ មានលក្ខខណៈល្អប្រសើរបំផុតសម្រាប់មនុស្សដែលចង់សម្រកទម្ងន់ ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់បំផុត។ ប្រូតេអ៊ីននៅក្នុងសាច់ទ្រូងមាន់ អាចរក្សាក្រពះរបស់អ្នកឲ្យឆ្អែតបានយូរ មិនសូវស្រេកឃ្លានអាហារ។

២.គ្រប់គ្រងសម្ពាធឈាម
តើអ្នកដឹងទេ សាច់ទ្រូងមាន់អាចជួយគ្រប់គ្រប់សម្ពាធឈាមឲ្យមានស្ថេរភាព? ជាការពិតណាស់ ការទទួលទានសាច់ត្រង់ផ្នែកនេះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អ។ ដូច្នេះ មនុស្សដែលមានជំងឺលើសឈាមក៏អាចទទួលទានសាច់ទ្រូងមាន់បានដែរ។

៣.កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ហានិភ័យនៃជំងឺមហារីក អាចកាត់បន្ថយបានដោយសារតែការទទួលទានសាច់ទ្រូងមាន់ ជាពិសេសមហារីកពោះវៀនធំ។

៤.កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង
បើប្រៀបធៀប បរិមាណនៃកូលេស្តេរ៉ុល និងជាតិខ្លាញ់ឆ្អែតដែលត្រូវបានគេរកឃើញនៅក្នុងសាច់ពណ៌ក្រហម គឺមានកម្រិតខ្ពស់ជាងសាច់ត្រង់ផ្នែកទ្រូងមាន់។ ដូច្នេះប្រសិនបើអ្នកញ៉ាំសាច់ទ្រូងមាន់ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រភេទជំងឺផ្សេងៗទៀត។

៥.ពង្រឹងឆ្អឹងឲ្យរឹងមាំ
ប្រូតេអ៊ីន នៅក្នុងសាច់ទ្រូងមាន់មានកម្រិតខ្ពស់ណាស់ វាអាចជួយកាត់បន្ថយបញ្ហាពុកឆ្អឹងបាន។ ការទទួលទានសាច់ទ្រូងមាន់ ១០០ក្រាមនឹងជួយបំពេញប្រូតេអ៊ីនដែលអ្នកត្រូវការប្រចាំថ្ងៃបានគ្រប់គ្រាន់។ ចំណែកឯ ផូស្វ័រ ដែលមានវត្តមាននៅក្នុងសាច់ទ្រូងមាន់ អាចជួយរក្សាឆ្អឹងធ្មេញ និងប្រព័ន្ធសរសៃប្រសាទរបស់អ្នកឲ្យរឹងមាំ៕

ប្រភព៖ boldsky

មតិយោបល់