ក្រចេះ: ស្ត្រីវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ មានផ្ទៃពោះកូនទី២ ដែលឈឺពោះសម្រាលកូនមិនរួចកាលពីរសៀលថ្ងៃទី១៩ មិថុនា នោះ ត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តក្រចេះធ្វើការវះកាត់ជួយសង្គ្រោះរួចរាល់ហើយ ដោយទទួលបានសុវត្ថិភាពទាំងម្តាយ និងកូនប្រុសដែលមានទម្ងន់៣,៥០គីឡូក្រាម កាលពីរសៀលថ្ងៃទី២០ មិថុនានេះ។
ស្រ្តីរូបនេះឈ្មោះ នុត ស្តើង ប្តីឈ្មោះ រឿន រ័ន្ត អាយុ២៣ឆ្នាំ រស់នៅតំបន់ជនបទដាច់ស្រយាល ស្ថិតក្នុងចំណុចថ្មាយ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ។
សូមស្ត្រីគ្រប់រូបដែលមានផ្ទៃពោះត្រូវព្យាយាមទៅកាន់មណ្ឌលសុខភាពឲ្យបានញឹកញាប់ទៅតាមការការណែនាំរបស់គ្រូពេទ្យ។ ដើម្បីជៀសវាងការគ្រោះថ្នាក់ពេលឆ្លងទន្លេដល់មាតា និងទារក។ កុំភ្លេចណាជូនពរឲ្យទទួលបានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗស្ត្រីជាមាតាទាំងអស់។
គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៩ មិថុនា នៅភូមិស្រែថ្មាយ ឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ។ ស្ត្រីម្នាក់បានស្រែយំដោយក្តីឈឺចាប់បំផុត ហើយស្ទើរតែផុតដង្ហើមម្តងៗទៅហើយដោយសារតែគាត់ឈឺពោះឆ្លងទន្លេ នៅក្នុងផ្ទះឈើដ៏ទ្រុឌទ្រោមមួយកន្លែង តែអ្វីដែលគួរឲ្យសង្វេកទៅទៀតនោះ ពេលឈឺពោះឆ្លងទន្លេ បែរជាកើតមិនរួច ហើយអ្នកភូមិពិសេសកម្លាំងយុវជនក្នុងភូមិបាននាំគ្នាសែងស្ត្រីនេះតាមអង្រឹងដើរឆ្លងកាត់ផ្លូវយ៉ាងលំបាកលំបិននិងឆ្លងទឹកឆ្ពោះទៅមណ្ឌលសុខភាព ដែលនៅចម្ងាយ១០គីឡូម៉ែត្រឯណ្ណោះ។
សេចក្តីរាយការណ៍ដែល Post Newsទទួលបានឱ្យដឹងថា មានករណីស្ត្រីឆ្លងទន្លេមិនរួចដោយមានផលពិបាកយ៉ាងធ្ងន់ធ្ងរ ពីព្រោះមណ្ឌលសុខភាពនៅឆ្ងាយជាង១០គីឡូម៉ែត្រ ហើយផ្លូវថ្នល់ពិបាកមិនអំណោយផលក្នុងការធ្វើដំណើរ ម្យ៉ាងវិញទៀតគ្រួសារគាត់មានភាពក្រីក្រយ៉ាងខ្លាំង។ នៅក្នុងគ្រាដ៏គ្រោះថ្នាក់និងលំបាកលំបិននេះ ក្រុមយុវជនពេញកម្លាំងបានសម្រេចជួយសែងស្ត្រីនេះដោយអង្រឹងដើរឆ្ពោះទៅមណ្ឌលសុខភាពដែរមានចម្ងាយផ្លូវប្រវែងជាង១០គីឡូម៉ែត្រនឹងមានឆ្លងទឹកតាមទូកទៀត។ អស់ពេលច្រើនម៉ោងនិងយុវជនម្នាក់ៗអស់កម្លាំងទន់ដៃទន់ជើងគ្រប់ៗគ្នានោះទីបំផុតនាងបានទៅដល់មណ្ឌលសុខភាពបានទាន់ពេល ហើយត្រូវបានជួយជ្រោមជ្រែងពីគ្រូពេទ្យឆ្មបនៅទៅនោះ។
សូមបញ្ជាក់ថា ក្រួសារខាងលើនេះក្រីក្រខ្លាំងណាស់ហើយសូមអំពាវនាវដល់សប្បុរសជនមេតាជួយដល់ពួកគាត់ផង៕
មតិយោបល់