ព្រះសីហនុៈ បុរសជនជាតិចិនម្នាក់ ដែលគ្រងឯកសណ្ឋានកងទព័ (ផ្កាយមួយ) នៅពេលនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានចុះធ្វើការឃាត់ខ្លួន និងដកហូតរថយន្ត ពាក់ស្លាកលេខខេមរភូមិន្ទផងដែរ នៅចំណុចហាង ខារ៉ាអូខេសៀងហៃ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើនោះ ឈ្មោះ ចាង ជិង សឹន ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនជាតិចិន ទើបមកពីម៉ាកាវ ហើយត្រូវបានមិត្តភក្តិ បើករថយន្តមកទទួល ដែលនៅក្នុងរថយន្តនោះ មានឯកសណ្ឋានកងពលខេមរៈភូមិន្ទ មានស័ក្តិឧត្ដមសេនីយ៍ព្យួរទុកក្នុងនោះ ទើបបុរសខាងលើក៏យកពាក់ ពេលជិះរថយន្ត។
បច្ចុប្បន្នបុរសជនជាតិចិនរូបនេះ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត។ រីឯរថយន្ត និង ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងទ័ព ចាត់វិធានការហើយ៕
មតិយោបល់