ព័ត៌មានជាតិ

អាជ្ញាធរជំរុញឲ្យក្រុមហ៊ុនពង្រីកអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់

រតនគិរី: អាជ្ញាធរខេត្តរតនគិរី បានជំរុញឲ្យក្រុមហ៊ុនផលិតទឹកស្អាតមួយក្នុងក្រុងបានលុង ត្រូវរៀបចំ និងពង្រីកអាងស្តុកទឹកឲ្យបានធំជាងមុន សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ខណ:ការប្រើប្រាស់ទឹកស្អាតនៅក្នុងខេត្តនេះ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពផលិតទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាត តាយ សេង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លោក លី វិន្ទ អភិបាលរងខេត្តរតនគិរី បានឲ្យដឹងថា ដោយសារការប្រែប្រួលអាកាសធាតុនាំឲ្យរដូវប្រាំងអូសបន្លាយ និងភ្លៀងធ្លាក់មិនគ្រប់គ្រាន់នោះ អាងស្តុកទឹករបស់ក្រុមហ៊ុនត្រូវរីង មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការឡើយ។ លើសពីនេះ កំណើននៃតម្រូវការប្រើប្រាស់ទឹកស្អាត ក៏មានការកើនឡើងជាបន្តបន្ទាប់នៅក្រុងបានលុងផងដែរ។

លោកអភិបាលរង បន្តថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនេះ អាជ្ញាធរខេត្ត បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន តាយ សេង បូមទឹកពីបឹងកន្សែង និងបឹងកម្សាន្ត ដើម្បីជួយធានាដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ប៉ុន្តែការបូមទឹកបឹងនេះ ត្រូវឲ្យមានការចម្រោះត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស មុននឹងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់។ លោកថា ការបូបទឹកពីបឹងនេះ គឺធ្វើឡើងសម្រាប់ជាការជំនួយអន្តរកាលដល់ការផ្គត់ផ្គង់ប៉ុណ្ណោះ មិនមែនទាំងស្រុងនោះឡើយ រហូតដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ ក្រុមហ៊ុនត្រូវបញ្ឈប់ការបូមនេះ។

ក្នុងនោះដែរ លោក លី វីន្ទ បន្ថែម អាជ្ញាធរខេត្តក៏បានជំរុញណែនាំដល់ក្រុមហ៊ុនឲ្យរៀបចំ និងពង្រីកអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់នាឆ្នាំខាងមុខ ដើម្បីបំពេញបន្ថែមនូវតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

គួររំឭកថា បើតាមលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាលោកអភិបាលខេត្ត គឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយមិនមានទឹកប្រើប្រាស់នោះទេ បញ្ហាប្រភពទឹកជាបញ្ហាសំខាន់មិនថា មានប្រភពមកពីណានោះទេ សំខាន់ គឺមានឆ្លងកាត់ការប្រព្រឹត្តិកម្មតាមលក្ខណ:បច្ចេកទេសបានត្រឹមត្រូវ ដោយមានការត្រួតពិនិត្យគុណភាពពីក្រសួងសុខាភិបាល៕

មតិយោបល់