ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ឡេលាបឲ្យសក្នុងរយៈពេកខ្លី មៀនកំប៉ុងនិងទីតាំងសិប្បកម្មកែច្នៃស្ករត្នោតសារធាតុគីមីហាមឃាត់ នៅស្រុកសំរោងទង!

​កំពង់ស្ពឺៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកសំរោងទង មាន ផ្សារព្រៃផ្តៅ ផ្សារត្រពាំងអំពិល និង ផ្សារសាមគ្គី ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់។

ជាលទ្ធផល យើងបានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖

-ទឹកក្រូច ចំណុះ១លីត្រ ចំនួន៣ដប
-នំចម្រុះ៣គីឡូក្រាម
-ឡេលាបឲ្យសក្នុងរយៈពេកខ្លី(មេឡា)១ធុង ចំណុះ៥ គីឡូក្រាម
-មៀនកំប៉ុងចំណុះ៥០០ក្រាម ចំនួន៤កំប៉ុង

សរុបចំនួន១៣គីឡូក្រាម។

ក្នុងនោះក្រុមការងារក៏បានចុះដល់ទីតាំងសិប្បកម្មកែច្នៃស្ករត្នោតចំនួន ១ ទីតាំង ជាលទ្ធផលបង្ហាញថា សង្ស័យមានប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ដើម្បីធ្វើឲ្យមានពណ៌ស រួមទាំងពុំមានអនាម័យត្រឹមត្រូវផងដែរ ។ ក្រុមការងារក៏បានដកយកគម្រូដើម្បីបញ្ជូនមកមន្ទីរពិសោធន៏នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីធ្វើពិសោធន៏ឲ្យបានជាក់ច្បាស់ ។

បន្ទាប់មក ពេលរសៀល ក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅអនុវិទ្យាល័យ ម្រុំខាងត្បូង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ១០០ នាក់ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ២៥០ ផ្ទាំង ។

ជាចុងក្រោយ ពេលល្ងាច ក្រុមការងារក៏បានបន្តចុះតាមដានតម្លៃប្រេងឥន្ធនៈដែលបានដាក់លក់នៅតាមបណ្តាស្ថានីយ៍មួយចំនួនក្នុងទីរួមខេត្ត ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយគឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តែក្នុងនោះក៏មានស្ថានីយមួយចំនួនលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងដែរ ៕

មតិយោបល់