ព័ត៌មានជាតិ

អុញនោះ! សមត្ថកិច្ចរកឃើញ ឡេលាបឲ្យសក្នុងរយៈពេលខ្លី (មេឡេ) មៀនកំប៉ុង នំចម្រុះ ទឹកក្រូច ខូចគុណភាពលក់នៅលើទីផ្សារ

កំពង់ស្ពឺៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកសំរោងទង មាន ផ្សារព្រៃផ្តៅ ផ្សារត្រពាំងអំពិល និង ផ្សារសាមគ្គី ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។

ជាលទ្ធផល បានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖
– ទឹកក្រូច ចំណុះ ១ លីត្រ ចំនួន ៣ ដប
– នំចម្រុះ ៣ គីឡូក្រាម
– ឡេលាបឲ្យសក្នុងរយៈពេលខ្លី ( មេឡា ) ១ ធុង ចំណុះ ៥ គីឡូក្រាម
– មៀនកំប៉ុង ចំណុះ ៥០០ ក្រាម ចំនួន ៤ កំប៉ុង
សរុបចំនួន ១៣ គីឡូក្រាម ។

ក្នុងនោះក្រុមការងារក៏បានចុះដល់ទីតាំងសិប្បកម្មកែច្នៃស្ករត្នោតចំនួន ១ ទីតាំង ជាលទ្ធផលបង្ហាញថា សង្ស័យមានប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ដើម្បីធ្វើឲ្យមានពណ៌ស រួមទាំងពុំមានអនាម័យត្រឹមត្រូវផងដែរ ។ ក្រុមការងារក៏បានដកយកគំរូដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីធ្វើពិសោធន៍ឲ្យបានជាក់ច្បាស់ ។

បន្ទាប់មក ពេលរសៀល ក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅអនុវិទ្យាល័យ ម្រុំខាងត្បូង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ១០០ នាក់ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ២៥០ ផ្ទាំង ។

ជាចុងក្រោយ ពេលល្ងាច ក្រុមការងារក៏បានបន្តចុះតាមដានតម្លៃប្រេងឥន្ធនៈដែលបានដាក់លក់នៅតាមបណ្តាស្ថានីយ៍មួយចំនួនក្នុងទីរួមខេត្ត ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយគឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តែក្នុងនោះក៏មានស្ថានីយមួយចំនួនលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងដែរ ៕

មតិយោបល់