ភ្នំពេញៈ ទីបំផុតទៅ មនុស្សប្រុសស្រី៥នាក់ ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួននៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីជួលស្ត្រីខ្មែរពពោះជំនួស។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងក្នុងគ្រុប Telegram ថា មនុស្សទាំង ៥នាក់ ត្រូវបានលោក គុជ គឹមឡុង ជាតំណាងអយ្យការបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទ ជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ យោងតាមមាត្រា ១៦ នៃច្បាប់ ស្តីពី ការបង្រ្កាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ដែលត្រូវតុលាការសម្រេចឃុំខ្លួនចំនួន ០៥នាក់៖
-ទី១ឈ្មោះ LlU QlANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន ជាមេការ
-ទី២ ឈ្មោះ ស្វាយ ស៊ីណុច ហៅ សី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជាមេការ
-ទី៣ ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាមេការ
-ទី៤ឈ្មោះ លឹម សុភាព ហៅ ស្ដើង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបកប្រែ
-និងទី៥ឈ្មោះ ថៃ ភាព ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ជាមេការ ។
គួររំលឹកថា កម្លាំងសមត្ថកិច្ចចំរុះ ដឹកនាំលោក លោក វរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន និងមានការសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង គុជ គឹមឡុង បានចុះបង្ក្រាបទីតាំង ជួលស្ត្រីខ្មែរពពោះជំនួស កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២អា និង៩អា ក្រុម ៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាប នោះ សមត្ថកិច្ច ឃាត់ខ្លួនបាន ជនត្រូវចោទទាំង ៥នាក់ខាងលើ និងជួយសង្គ្រោះ បានជនរងគ្រោះ ជាស្ត្រីខ្មែរ ដោះមានផ្ទៃពោះ ជាង ៤០នាក់ និងដកហូតបានវត្ថុតាងមួយចំនួន៖
-រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6883 ចំនួន ០១គ្រឿង
-ម៉ូតូ ម៉ាកហុងដា Today ពណ៌ខ្មៅ ចំនួន០១គ្រឿង
-រថយន្តគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 ចំនួន ០១គ្រឿង
-រួមនិង ឯកសារ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនធំ៕
មតិយោបល់