ព័ត៌មានជាតិ

ស្តាត់ៗ ប៉ូលិសខណ្ឌចំការមន ដោះលែងប្តីប្រពន្ធ ជាថៅកែហាងនិងស្ត្រីម៉ាស្សាម្នាក់ ដែលនាំគ្នាលួចលុយភ្ញៀវជនជាតិចិន បាត់!

ភ្នំពេញៈ បើយោងតាមប្រភពពីនគរបាលខណ្ឌ ចំការមន បានឲ្យដឹងថា ថៅកែ ហាងម៉ាស្សា ២នាក់ប្តីប្រពន្ធ និងស្រីម៉ាស្សាម្នាក់ ដែលជាប់ពាក់ព័ន្ធ រឿងលួចលុយភ្ញៀវ ជាជនជាតិចិន ជាង១០០០ដុល្លារកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក ហៀង ថារ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ដោះលែងឲ្យមានសេរីភាពវិញហើយ ដោយមិនចាំចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះទេ។

បើយោងតាមប្រភព ការដោះលែងក្រុមជនសង្ស័យបានធ្វើឡើង បន្ទាប់ពី សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី២ បានឃាត់ខ្លួនពួកគេ ពាក់ព័ន្ធ ករណី លួចលុយ ភ្ញៀវជនជាតិចិន ចំនួន ១,១០០ដុល្លារ នៅចំណុច ហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ប្រភពបានឲ្យដឹងថា ក្រុមជនសង្ស័យ ត្រូវបាន សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ ចាប់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះជាជនជាតិចិន ដោយបានចោទប្រកាន់ថា ក្រុមជនសង្ស័យបាន រួមគំនិតគ្នា លួចលុយរបស់ខ្លួនខណៈ រូបគេកំពុងតែ ដេកឲ្យស្ត្រីជនសង្ស័យម្នាក់ម៉ាស្សា។

ពាក់ព័ន្ធ ការដោះលែងក្រុមជនសង្ស័យទាំង៣នាក់ខាងលើ យើងមិនអាចសុំការបញ្ជាក់ ពីលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក ហៀង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន ទទួលបន្ទុកព្រហ្មទណ្ឌ បាននោះទេ ដោយសារលេខទូរស័ព្ទពួកលោក ហៅចូល ជាច្រើនលើក ប៉ុន្តែគ្មានអ្នកទទួល៕

មតិយោបល់