ក្រចេះ: ពលរដ្ឋចំនួនជាង២០០គ្រួសារ រស់នៅឃុំសោប ស្រុកព្រែកប្រសព្វ មានការព្រួយបារម្ភថា និងបាត់បង់ដីទីទួលសុវត្ថិភាព សម្រាប់ជម្លៀសសត្វពាហនៈនិងមនុស្សក្នុងរដូវទឹកជំនន់ឆ្នាំនេះ ខណៈដែលដីទីទួលសុវត្ថិភាព មានទំហំជិត២០ហិកតា កំពុងតែរងនូវការរំលោភយកពីមនុស្សមានអំណាច និងមានឥទ្ឋិពលមួយចំនួន។
ពលរដ្ឋរស់នៅឃុំសោប ស្រុកព្រែកប្រសព្វ បានលើកឡើងថា មានការរំលោភយកដីទីទួលសុវត្ថិភាព ដែលបំលាស់ទីនៅរដូវទឹកឡើងម្ដងៗ របស់អ្នកភូមិពីក្រុមមនុស្សចំនួនជាង១០នាក់ បានមកធ្វើការកាប់ទន្រ្ទាន ឈូសឆាយដាំដំណាំកសិកម្មជាកម្មសិទ្ធបុគ្គល លើផ្ទៃដីទំហំជាង១០ហិកតា។ ការចូលមក ឈូសឆាយដីទីទួលសុវត្ថិភាពនៅខាងក្រោយភូមិពីសំណាក់ជនមួយចំនួននេះ គឺបានធ្វើ ឡើងយ៉ាងគំហុកក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ហើយបើទោះបីជាអាជ្ញាធរ ភូមិ-ឃុំ មានការចុះទៅហាមឃាត់បែបណា ក៏ជនទាំងនោះនៅតែមិនព្រមបញ្ឈប់ពីសកម្មភាពឈូសឆាយនោះដែរ។
ដីទីទួលសុវត្ថិភាព ដែលពលរដ្ឋមានការបារម្ភថា អាចនិងបាត់បង់នេះ មានទំហំជាង២០ហិកតា កន្លងមកទីទួលសុវត្ថិភាពនេះ មានពលរដ្ឋចំនួន២ភូមិ គឺភូមិព្រែកព្រលូង និងភូមិព្រែករការ ប្រមាណជាង២០០គ្រួសារ បានយកមកធ្វើជាតំបន់ទីទួលសុវត្ថិភាពរបស់ពួកគាត់ក្នុងរដូវទឹកជំនន់ ដូចជាការជម្លៀសសត្វ និងកន្លែងស្នាក់នៅបណ្តោះអាសន្ន។
ពលរដ្ឋដែលមានការបារម្ភបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២៧ មិថុនា នេះថា កន្លងមក ក្រោយពីមានការមកឈូសឆាយរំលោភយកដីនេះ ពួកគាត់បានស្នើឲ្យអាជ្ញាធរចុះហាមឃាត់ តែបើទោះបីជាមានការចុះហាមឃាត់ ក៏ជនទាំងនោះ មិនព្រមបញ្ឈប់ដែរ។ ពួកគាត់អះអាងថា ពួកគាត់និងបន្តប្តឹងទៅអាជ្ញាធរខេត្ត ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយទប់ស្កាត់។
លោក សំរឹទ្ធ អឿន មេឃុំសោប បានទទួលស្គាល់ថា ពិតជាមានការរំលោភយកដី ទីទួលសុវត្ថិភាពនៅខាងក្រោយភូមិ ហើយក្នុងនាមអាជ្ញាធរឃុំ រូបលោកធ្លាប់បានហៅពលរដ្ឋឲ្យមកជួបជុំនៅទីទួលសុវត្ថិភាព ដើម្បីហាមឃាត់ការឈូសឆាយជាច្រើនលើកច្រើនសារ តែយ៉ាងណាក៏ក្រុមជនទាំងនោះនៅតែមិនព្រមបញ្ឈប់។ លោកមេឃុំរូបនេះបានបដិសេធ និងច្រានចោលថា អាជ្ញាធរមិនមានការពាក់ព័ន្ឋ ទៅនិងការឈូសឆាយរំលោភយកដីទីទួលនេះនោះទេ តែលោកអះអាងថា និងជួយស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរស្រុក-ខេត្ត ដើម្បីទប់ស្កាត់ការកាប់ទន្រ្ទាន។
មានការកត់សម្គាល់ឃើញថា ក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលស្ថានភាពដីកសិកម្មកំពុងតែមានទីផ្សារ គឺគេមើលឃើញថា ការចូលកាប់ទន្រ្ទានដីព្រៃខុសច្បាប់មកធ្វើជាកម្មសិទ្ធបុគ្គលនៅព្រៃខាងក្រោយស្រុកព្រែកប្រសព្វ ពីជនមានឥទ្ធិពល និងមានអំណាច កំពុងតែកើតមានឡើងគួរឲ្យព្រួយបារម្ភ។
ស្របពេលដែលការកាប់ទន្រ្ទានរបស់ជនទុច្ចរិត បានធ្វើឡើងយ៉ាងគំហុកនេះ ប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វសូមសំណូមពរដល់អាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធមេត្តាជួយចាត់វិធានការផង បើមិនដូច្នេះទេដីសាធារណៈសម្រាប់បម្រើប្រយោជន៍រួមទាំងនេះនឹងក្លាយជាដីកម្មសិទ្ធរបស់បុគ្គលខិលខូច និងមានអំណាចជាមិនខានឡើយ៕
https://youtu.be/50VoJTcVHEE
https://youtu.be/b9ov2jxgnAQ
https://youtu.be/ZciQUs0Ag0g
មតិយោបល់