ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុំទោស និងផ្តាំផ្ញើទៅស្ថានទូតនានាប្រចាំនៅកម្ពុជា កុំឲ្យធ្វើជាសេកបន្ទរតាមពាក្យបុគ្គលមួយចំនួន ធ្វើឲ្យមានភាពល្អក់កករនូវទំនាក់ទំនងជាមួយកម្ពុជា ហើយក៏មិនគួរយកបញ្ហាជំនួយមកកៀបសង្កត់កម្ពុជានោះដែរ។
សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពេលអញ្ជើញជាអធិបតីភាពនៃពិធីរំឭកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និយាយដល់ការបង្កើតស្ថាប័នគយ និងរដ្ឋាករឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ត្រូវនឹកឃើញដល់វីរជនម្នាក់ គឺលោក តាំង សារឹម អតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមបង្កើតឡើងវិញនូវស្ថាប័នមួយនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំឭកពីប្រវត្តិស្មុគស្មាញនៃការរៀបចំក្រសួង ស្ថាប័ននានា នៅក្នុងថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។ ដើម្បីលុបបំបាត់ភាពស្មុគស្មាញទាំងនេះ ក្រោយពេលឡើងធ្វើជានាយករដ្ឋមន្រ្តី សម្តេចក៏បានចាប់ផ្តើមធ្វើកំណែទម្រង់ ដោយយកស្ថាប័នគយ និងរដ្ឋាករកម្ពុជា ចេញពីក្រសួងពាណិជ្ជកម្ម។
ពាក់ព័ន្ធទៅនឹងករណីលោក កឹម សុខា អនុប្រធានគណបក្យសង្គ្រោះជាតិសម្តេចតេជោ ហ៊ុន សែន បានព្រមានកុំឲ្យព្រហើន គឺប្រឈមនិងគុកគ្មានថ្ងៃចេញនោះឡើយ។ សម្តេចតេជោថ្លែងថា កម្លាំងប្រជាពលរដ្ឋមិនអាចទប់ទល់បាននោះឡើយ ប្រសិនបើកម្លាំងសមត្ថកិច្ចចង់ចាប់ខ្លួននោះ កុំគំរាមធ្វើបាតុកម្ម។
ជាមួយនេះដែរ សម្តេចតេជោបានបញ្ជាក់ថា បើទោះបីលោក កឹម សុខា មិនចេញមុខក៏ដោយ ក៏នៅតែមានថ្ងៃគេចាប់ គ្មានថ្ងៃរួចខ្លួននោះឡើយ។
ពាក់ព័ន្ធករណីលោក កឹម សុខា នេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គទូតនានា កុំឲ្យលូកដៃចូលក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើទៅទូតសហភាពអឺរ៉ុបនៅកម្ពុជា ត្រូវធ្វើកំណែទម្រង់លើការប្រភពទទួលព័ត៌មាន និងអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅបរទេសនានា កុំប្រើជំនួយ ដើម្បីដាក់ការកៀបសង្កត់មកលើកម្ពុជា។
ពាក់ព័ន្ធទៅនិងទីតាំងស្នាក់ការគយនេះ សម្តេចតេជោបានមានប្រសាសន៍ថា ធនាគារពិភពលោក ធ្លាប់បានបញ្ចុះបញ្ចូលសម្តេចឲ្យលក់ស្ថាប័នគយឲ្យទៅវិស័យឯកជន តែសម្តេចបានបដិសេធ ដោយមិនអនុញ្ញាតឲ្យនរណាកៀបសង្កត់នោះឡើយ។
ជាមួយគ្នានេះដែរសម្តេចតេជោបានឆ្លើយតបការព្រួយបារម្ភរបស់ទូតជប៉ុន ខ្លាចដំណើរការនៃការចុះបញ្ជីឈ្មោះបោះឆ្នោតមិនបាននោះ ថា កុំមានការព្រួយបារម្ភ បើទោះបីគណបក្សប្រឆាំងមិនចុះ ក៏ប្រជាពលរដ្ឋនៅតែចុះដដែល។ សម្តេចតេជោបានបន្តថា ប្រទេសដែលចង់ជួយថវិកា ដើម្បីធ្វើការចុះបញ្ជីនេះ ជួយក៏ជួយមិនជួយក៏មិនអីដែរ កុំយកបញ្ហានេះ មកកៀបសង្កត់កម្ពុជា ក្នុងរឿងអនុវត្តន៍ច្បាប់លើលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់នាយករដ្ឋមន្រ្តីឡាវថា បើមានបញ្ហាពាក់ព័ន្ធសមុទ្រចិនខាងត្បូង សូមទម្លាក់កំហុសមកកម្ពុជាចុះ, កម្ពុជាមិនត្រឹមតែមិនឯកភាពទេ ថែមទាំងប្រឆាំងទៀតផងលើរឿងហ្នឹង៕
មតិយោបល់