ព័ត៌មានជាតិ

ចិនទៀតហើយ! ធ្វើសកម្មភាពយកកូន​កាំបិត​ស្នៀត និង​កាំភ្លើងខ្លីវាយភ្ជង់​គម្រាមកំហែង​ជីវិតជនជាតិចិនដូចគ្នានៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ព្រះ​សីហ​នុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនជាតិ​ចិន​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ ត្រូវ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​ នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៥០​នាទី​ នៅ​ក្រុម​ទី​៦​ ភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​យោង​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់​ ជា​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ ដោយ​ជនសង្ស័យ​ទាំង​ ០៣​នាក់​នោះ​ មានកូន​កាំបិត​ស្នៀត​ ០១​ដើម​ និង​កាំភ្លើងខ្លី​០១​ដើម​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​វាយ​ និង​យក​កាំភ្លើង​ភ្ជង់​គម្រាមកំហែង​ជីវិត​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​ ក៏​ត្រូវ​កម្មករ​របស់​ជន​រង​គ្រោះ​ឃើញ​ ហើយ​មានការ​ឆោ​រ​ឡោ​ឡើង​ ពេល​ នោះ​ជនសង្ស័យ​ទាំង​ ០៣​នាក់​ បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។​

​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២​ បាន​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់​។​

​ជនសង្ស័យ​ឈ្មោះ​ ZHANG​ HONG​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ លិខិតឆ្លងដែន​លេខៈ​ EE៧២៨៥៨០៧​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ LIN​ YONGFEI​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ វិស្វករ​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ មាន​រង​របួស​ស្នាម​ជាំ​នៅ​កញ្ចឹងក​។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​ កូន​កាំ​ប៉ិត​ស្នៀត​០១​ដើម​(​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)​។​ ចំពោះ​ជនសង្ស័យ​ ០២​នាក់​ ដែល​រត់គេច​ខ្លួន​ កម្លាំង​សមត្ថ​ កិច្ច​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​។​ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់