ភ្នំពេញៈ ប្តីប្រពន្ធឥតខាន់ស្លាមួយគូរ ស្រឡាញ់គ្នារហូតបានកូន២នាក់ រស់នៅជាមួយគ្នា៧ឆ្នាំ ចុងក្រោយខាងស្រីរត់ចុះចោលបាត់ទុកឲ្យខាងប្រុសនៅមើលថែកូនស្រី២នាក់ជាមួយមុខរបរដើរលក់ទឹកសុទ្ធ បាត់ខ្លួនអូន៣ខែ ស្រាប់តែរកឃើញនៅជាមួយអ្នកផ្សេង ទើបឆោឡោ នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០១៩ ជៀសវាងកើតហឹង្សាដោយប្រការណាមួយ ទើបសមត្ថកិច្ចហៅនាំទៅសម្របសម្រួលនៅប៉ុស្តិ៍ ចោមចៅ១ ។
ភាគីខាងស្រីមានឈ្មោះ ម៉ាត់ អាយូរ៉ា ហៅបញ្ញា អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរឥស្លាម អតីតបម្រើ ការងារ ផ្នែកលក់ នៅផ្សារស្ទឹងមានជ័យថ្មី ទើបមកស្នាក់នៅផ្ទះជួល នៅកន្លែងកើតហេតុ មានទីលំនៅ ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។ ចំណែកភាគីខាងប្តី ឈ្មោះ សុឹម ពិសាល អាយុ៣៣ឆ្នាំ មុខរបរ ដើរលក់ទឹកសុទ្ធ មានទីលំនៅ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចរេះខណ្ឌឫស្សីកែវ ក្បែរផ្ទះអូនស្រីដែរ ។
តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា ខ្លួនបានស្រឡាញ់ស្រ្តីខាងលើ តាំងពីអំឡុងឆ្នាំ២០១២មកម្លេះ ប្រវត្តិគ្រាដើម នាងរត់តុកាហ្វេ នៅសង្កាត់សង្កាត់ច្រាំងចរេះចូលហូបកាហ្វេយូរទៅ ចាប់ចិត្តស្រឡាញ់គ្នា ឈានដល់រស់នៅជាមួយគ្នា សន្មត់ ដូចជាប្តីប្រពន្ធទាំងមិនបានរៀបការ ឥតខាន់ស្លា ទោះជាមេបាខាងស្រី ជាខ្មែរឥស្លាមក៏ដោយ នាងសុខចិត្ត រួមរស់ជាមួយគ្នា អស់រយៈពេល៧ឆ្នាំ មានកូន២ស្រី២នាក់ ស្រាប់តែ៣ខែចុងក្រោយនេះ ប្រពន្ធចុះចោលចាកចេញពីផ្ទះបាត់ គ្រាន់តែប្រាប់ថា ទៅធ្វើការ ហើយបាត់រហូត ស្រាប់តែនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដឹកកូនស្រីទាំង២នាក់ ដើរតាមស្វែងរក ស្រាប់តែឃើញអូននៅជាមួយអ្នកផ្សេង ជាបុរសកម្មករជាងឈើម្នាក់ តែគេចខ្លួនបាត់ហើយ ឃាត់សាកសួរ ផ្អើលឆោឡោ ត្រូវបានខាងស្រី បដិសេធ មិនទទួល ជាប្តីទៀតទេ ចំពោះកូនស្រី២នាក់តូចៗ ក៏មិនចាត់ទុកថាជាកូនរបស់នាងដែរ ។
តែបើតាមសម្តី ភាគីខាងស្រីវិញ បានឲ្យដឹងថា ខ្លួនលែងចាត់ទុកបុរសរូបនេះជាប្តីទៀតហើយ ដោយសារ ប្រើអំពើហឹង្សា ក្នុងគ្រួសារជាញឹកញាប់ ហើយចចេសរឹងរុស មិនគោរពប្រតិបត្តិតាមសាសនា ឥស្លាម ស្តាប់តាមឪពុកម្តាយអូន ទើបគាត់ឈប់យកធ្វើជាប្តី ។
តែទោះជាយ៉ាងណាក្តី វត្តមាននៅប៉ុស្តិ៍ប៉ូលិស ខាងប្រុសបានបដិសេធ រាល់ការចោទប្រកាន់ ពីភាគីខាងស្រី ហើយខ្លួនទទួលស្គាល់ថា មិនគោពប្រតិបត្តិបាន ទំនៀមទំលាប់ ខ្មែរឥស្លាមពិតប្រាកដមែន ។
ក្នុងជម្លោះវិវាទមិនចុះសម្រុងគ្នា របស់អ្នកទាំង២ ទោះជា ខាងប្រុស អង្វរសុំឲ្យនាងចូលផ្ទះវិញ យ៉ាងណាក្តី ខាងស្រីប្រកាន់នូវជំហរមួយ ដាច់ខាតមិនយកធ្វើជាប្តីទៀតទេ ។
ចំណែកសមត្ថកិច្ចវិញ បានត្រឹមសម្របសម្រួល ជៀសវាង កើតមានហឹង្សាដោយប្រការណាមួយ ចំពោះគោលជំហរ ចិត្តរបស់សមុីខ្លួន យកគ្នា ឬមិនយកគ្នា ជាប្តីប្រពន្ធបែបណានោះ អាស្រ័យលើភាគីទាំង២ ហើយទំនាក់ទំនង ទៅចាស់ទុំ សាច់ញាតិមកនាំពួកគេទៅនិយាយគ្នានៅផ្ទះវិញប្រសើរជាង ៕
មតិយោបល់