ព្រះសីហនុៈ សមត្ថកិច្ចរកឃើញជនជាតិចិន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមរបាយការពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ បានឲ្យដឹងថា ដំបូងជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS -0632 ធ្វើដំណើរពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជិះគ្នា០៣នាក់ ( ជាជនជាតិចិន ) មកដល់ចំណុចខាងលើ រថយន្តនេះ មានល្បឿនលឿនក៏រេចង្កូតទៅឆ្វេងដៃ ជ្រុលបុករថយន្តធុនធំមួយគ្រឿង ម៉ាក ហ៊ីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-64 07 (មិនទាន់ស្គាល់អ្នកបើកបរ) ដែលឈប់ចតសម្រាក នៅចិញ្ចើមផ្លូវគ្រួសក្រហមខាងស្តាំ តែពុំបណ្ដាលឲ្យខូចខាតអ្វីធ្ងន់ធ្ងរទេ រួចអ្នកបើកបរ ក៏បន្តដំណើរទៅភ្នំពេញបន្តទៀត មិនឈប់នៅរកខុសត្រូវអ្វីឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ច មានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ និង នគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះមកអន្តរាគមន៍ និងត្រួតពិនិត្យ ក៏មានការសង្ស័យទៅលើមនុស្សម្នាក់ ក្នុងចំណោមជនជាតិចិនទាំង០៣នាក់ មានយួរស្បោង ពណ៌សមួយ នៅឆ្ងាយពីគេ សមត្ថកិច្ចសុំត្រួតពិនិត្យ ប៉ុន្តែមិនទាន់បានឆែកផង ជនសង្យ័យទាំងបីនាក់ខាងលើ ក៏រត់គេចខ្លួនចូលក្នុងចំការដូងប្រេង ទម្លាក់ស្បោងនោះចោល ក្នុងនោះសមត្ថកិច្ចបានឆែកឃើញគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន៨កញ្ចប់ធំ ។
ក្រោយមកសមត្ថកិច្ច បានដេញរុករកជនសង្ស័យ ក្នុងព្រៃចំការដូងប្រេង រហូតដល់ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញ និងចាប់ខ្លួនបានម្នាក់ ។ ចំពោះមនុស្ស និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់