ព័ត៌មានជាតិ

ប្រធានសិប្បកម្មតម្បាញ (ចុងថៃ) ដេកស្លាប់ក្នុងបន្ទប់…

កណ្តាលៈ កាលពីវេលាម៉ោង០១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសជនជាតិចិន ជាប្រធានសិប្បកម្មតម្បាញ (ចុងថៃ) ដេកស្លាប់ក្នុងបន្ទប់ម្នាក់ឯង នៅចំណុចបន្ទប់ដេក ក្នុងរោងសិប្បកម្មតម្បាញ ភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ លាវ ផឹង ភេទ ប្រុសអាយុ ៥៤ឆ្នាំ ជនជាតិចិន មុខរបរជាប្រធានសិប្បកម្មតម្បាញ (ចុងថៃ) មានស្រុកកំណើត នៅខេត្តស៊ីឈាន់ ប្រទេសចិន បច្ចុប្បន្ន ស្នាក់នៅភូមិព្រែកថី ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧ និង០៥នាទី ប្រពន្ធជនរងគ្រោះ បានផ្ញើសារពីប្រទេសចិន ប្រាប់អ្នកបកប្រែឈ្មោះ ជួង សុខអ៊ីម ឲ្យប្រាប់ឈ្មោះ លី យៀន ជួយមើលប្តីគាត់នៅក្នុងបន្ទប់រោងចក្រផង ។

ពេលនោះឈ្មោះសុខ អ៊ីម បានទៅប្រាប់ឈ្មោះលី យៀន(ចិន) ដែលកំពុងធ្វើម៉ាស៊ីន ឲ្យទៅហៅជនរងគ្រោះ ប៉ុន្តែហៅមិនឆ្លើយ ក៏បានប្រាប់កម្មករម្នាក់ទៀតឈ្មោះ ទៀង ឲ្យជួយស្រែកហៅ តែមិនឮសំឡេងឆ្លើយមកវិញ ក៏បាននាំគ្នារុញទ្វារបន្ទប់រហូតដល់របើកទ្វារ ទើបដឹងថា ឈ្មោះ លាវ ផឹង បានដេកស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ច រួមសហការជាមួយលោកមេភូមិព្រែកថី បានចុះត្រួតពិនិត្យមើល ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។

ក្រោយធ្វើកោសលវិច័យរួច សពត្រូវបានយកទៅរក្សាទុក នៅកន្លែងតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិមកពីប្រទេសចិន៕

មតិយោបល់