បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងរថយន្តពន្លត់អគ្គិភ័យទាំងយប់ ក៏ព្រោះតែបុរសម្នាក់ចិត្តខ្លាំង ខឹងនឹងប្អូនយកឡាន ជិះដើរលេងគ្មានការអនុញ្ញាត ក៏ដុតបំផ្លាញរថយន្តរបស់ខ្លួន បណ្តាលឲ្យឆេះអស់ទាំងស្រុង នៅសល់តែគ្រោងឆ្អឹង ។
ហេតុកាណ៍នៃអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ថ្ងៃចូលឆ្នាំទី១ ក្នុងបរវេណសាកលវិទ្យាល័យបៀលប្រាយ ស្ថិតនៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ បញ្ហាដុតបំផ្លាញរថយន្តនេះ គឺបណ្តាលមកពីកើតរឿងជម្លោះរវាងបុរសជាបងឈ្មោះ ផុន សក្កដា ហៅដា អាយុប្រមាណជា៣០ឆ្នាំ នៅភូមិក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ ក្នុងភូមិអូរអំបិល ក្រុងសិរីសោភ័ណ បានខឹងនឹងប្អូនប្រុសរបស់ខ្លួនឈ្មោះ ផុន ឧភាល័យ ហៅណាផា អាយុ២៥ឆ្នាំ នៅផ្ទះជាមួយគ្នា បានយកឡានរបស់ខ្លួនម៉ាកតូយូតាកាម៉ារីក្រោន ពណ៌ត្រេអ៊ី ស៊េរី២០០១ ដោយគ្មានការអនុញ្ញាត បើកជិះដើរលេង ក៏កើតមានការខឹងសម្បារ ពេលប្អូនមកដល់ក៏ប៉ះសម្ដីគ្នា ក្លាយជាអំពើហិង្សាដុតឡានចោល ដើម្បីកុំឲ្យបានជិះទាំងអស់គ្នាតែម្តងទៅ។
ប្រភពដដែលបានបញ្ជាក់ថា ៖ ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចាត់ឲ្យមន្ត្រីនគរបាលពន្លត់អគ្គិភ័យ នាំយករថយន្តពន្លត់អគ្គិភ័យ ទៅពន្លត់ តែដោយអំណាចភ្លើងសាំងឆេះខ្លាំងហើយលឿន រថយន្តត្រូវឆេះអស់ នៅសល់តែគ្រោងឆ្អឹង ទោះយ៉ាងក៏បានបាញ់ទឹកពន្លត់កុំឲ្យមានការរាលដាលទៅកន្លែងផ្សេង។ នេះមិនខុសពីពាក្យចាស់លោកពោលថា ៖ ខឹងខុស ខឹងខាត នោះឡើយ ៕
មតិយោបល់