សៀមរាបៈ បុរសជនជាតិចិនម្នាក់ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសចំនួន ៨០ដុល្លារ ដែលធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងមន្ដ្រីស៊ីម៉ាក់ ចុះទៅពិនិត្យមើលភ្លាមៗ ដោយមុនដំបូងមានការសង្ស័យ ខ្លាចដាក់បង្កៃគ្រាប់បែក។
យោងតាមការចុះពិនិត្យជាក់ស្ដែងរបស់មន្ដ្រីនគរបាលជំនាញ និងមន្ដ្រីស៊ីម៉ាក់នោះ លទ្ធផលបង្ហាញថា នៅក្នុងវ៉ាលីនោះ មានតែសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្សៅ ដែលបង្កឲ្យមានជាតិផ្ទុះនោះឡើយ។
លោកឧត្តមសេនីយ៍ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់អោយដឹងថា បុរសជនជាតិចិនរូបនេះ ត្រូវបានឃាត់សួរនាំ ក្រោយបោះចោលវ៉ាលីរបស់ខ្លួនមួយ នៅព្រលានយន្ដហោះ ហើយនៅក្នុងវ៉ាលីនោះ មានសម្លៀកបំពាក់ និងកាហ្វេ ហើយត្រូវបានមន្ដ្រីស៊ីម៉ាក់យកទៅពិនិត្យមើលបន្ដ។
លោកបន្តទៀតថា ដោយសារឥវ៉ាន់លើសខាងព្រលាន តម្រូវឲ្យបង់លុយ៨០ដុល្លារទៀត រូបគេក៏ទុកវ៉ាលីចោលតែម្ដង។
ក្រោយពីជនជាតិចិនដាក់វ៉ាលីចោល សមត្ថកិច្ចរួមជាមួយមន្ដ្រីស៊ីម៉ាក់ បានទៅពិនិត្យមើល ឃើញតែសម្លៀកបំពាក់ និងកញ្ចប់កាហ្វេ មិនមែនជាការដាក់បង្កៃគ្រាប់បែកនោះឡើយ៕
មតិយោបល់