ព័ត៌មានជាតិ

គ្រឿងក្នុងជ្រូក ជិត១តោននាំចូលពីប្រទេសថៃខូចគុណភាពខុសច្បាប់ ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបង្រ្កាប

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រឿងក្នុងជ្រូកជាងកន្លះតោនដឹកតាមរថយន្តតួរីស ពណ៌ស ១គ្រឿង ដែលឈ្មួញនាំចូលពីប្រទេសថៃ មកកម្ពុជាខូចគុណភាព ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្រ្កាប និងឃាត់ខ្លួនអ្នកបើករថយន្ត១នាក់ បញ្ជូនមកកាន់ស្នងការដ្ឋានគរបាលខេត្ត ដើម្បីត្រួតពិនិត្យ និងចាត់ការតាមផ្លូវច្បាប់។ ការបង្រ្កាបរថយន្តដឹកផលិត ផលគ្រឿងក្នុងជ្រូកខូចគុណភាពនេះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ឆេន សុវត្ថិ បានឱ្យដឹងថា ៖ ការបង្រ្កាបរថយន្តម៉ាក Toyota Alphard ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២B ៦៧៧៩ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់នៃការនាំចូលនូវផលិតផលម្ហូបអាហារខូចគុណភាព ពីប្រទេសជិតខាង បង្កឲ្យគ្រោះថ្នាក់ ដល់សុខភាពប្រជាពល រដ្ឋខ្មែរដែលទទួលទាន។ ជាលទ្ធផល ក្រោយពីមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថា មានរថយន្តបានលួចដឹកផ្ទុកផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីថៃ ចេញពីក្រុងប៉ោយប៉ែត ដើម្បីឆ្ពោះទៅរាជធានីភ្នំពេញ។ លោកបានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តនេះបាននៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិកាឆាយ ឃុំកូប ស្រុកអូរជ្រៅ យកមកស្នងការដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ គូ លាងចិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកនាយការិយាល័យ បានបញ្ចាក់ថា ៖ ការនាំចូលផលិតផលគ្រឿងក្នុងជ្រូកទាំងនោះគ្មានច្បាប់លិខិតអនុញ្ញាតឲ្យនាំចូល និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញនោះឡើយ។ ផលិតផលគ្រឿងក្នុងជ្រូកមានសរុប១២កេស ស្មើនឹង៥៧២គីឡូក្រាម ក្នុងនោះមានពោះជ្រូក២០០គីឡូក្រាម , ត្រចៀកជ្រូក១៨០គីឡូ ក្រាម , បេះដូងជ្រូក១៥០គីឡូក្រាម , ឆ្អឹងជំនីជ្រូក២២គីឡូក្រាម និងពោះវៀនធំ២០គីឡូក្រាម។ បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្តឈ្មោះ គូ លាងចិន បានប្រាប់សមត្តកិច្ចថា រូបគេប្រកបមុខរបរអ្នករត់តាក់ស៊ី ទើបតែស៊ីឈ្នួលដឹកផលិតផលគ្រឿងក្នុងជ្រូកលើកទី១ យកទៅឱ្យថៅកែនៅឯភ្នំពេញដោយស៊ីឈ្នួលដឹក១កេស តម្លៃ២៥,០០០រៀល ដោយមិនដឹងថាផលិតផលគ្រឿងក្នុងជ្រូកមានច្បាប់ រឺអត់ច្បាប់នោះទេ ។

លោកនាយការិយាល័យ បានបញ្ជាក់ឱ្យដឹងទៀតថា ៖ ផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោនរងចាំឲ្យមន្រ្តីជំនាញកាំកុងត្រូលចុះមកធ្វើតេស្តពិនិត្យក្រែងមានការលាយផ្សំនូវសារធាតុគីមី និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដុតកំទេចចោល៕

 

មតិយោបល់