ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញថ្នាំជំនួយផ្លូវភេទ ផលិតផលគ្រឿងសម្អាង ស្រា បារី និងថ្នាំសង្កូវ មិនអនុលោម….

បន្ទាយមានជ័យ: យោងតាមផេកសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្ត បានចូលរួមសហការជាមួយគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក) នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន (គបផក) និងមានការសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញទីតាំងលក់ និងចែកចាយទំនិញគ្រប់ប្រភេទ នៅឃ្លាំងដែលមានស្លាកយីហោ ឆាង សឹង ឋិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្ចាស់ឃ្លាំងខាងលើជាជនជាតិចិនឈ្មោះ ថា Ma Qi Heng ភេទប្រុស។
ក្រោយពីត្រួតពិនិត្យ សមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ បានរកឃើញផលិតផលមិនអនុលោម ទៅតាមផ្លូវច្បាប់ចំនួន១៩ ប្រភេទមានដូចជា គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ផលិតផលគ្រឿងសម្អាង ស្រា បារី និងថ្នាំជំនួយផ្លូវភេទ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងសាកសួរចម្លើយពីម្ចាស់ឃ្លាំង ព្រមទាំងផ្អែកលើស្ថានទម្ងន់ផ្លូវច្បាប់ គណ:កម្មការចម្រុះកំណត់នូវ ទោសកំហុសដូចជា៖
១ គ្មានច្បាប់ធ្វើអាជីវកម្ម
២ នាំចូលឱសថជំនួយផ្លូវភេទ បុរស នារី
៣ ផលិតផលនាំចូលគ្មានប្រភពច្បាស់លាស់
៤ គ្មានចុះលេខទិដ្ឋាការនៅលើផលិតផលថ្នាំពេទ្យ (គ្មានលេខប្រតិវេទន៍)
៥ គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាព។
ព្រះរាជអាជ្ញារងអមសាលាដំបូង បានបញ្ជាឲ្យគណ:កម្មការចម្រុះសម្រេច៖
– រក្សាទុកផលិតផលទាំងអស់ នៅទីតាំងខាងលើដដែលជាបណ្តោះអាសន្ន រហូតដល់គណ:កម្មការធ្វើកោសល្យវិច័យសារធាតុគីមីរួច និងឲ្យម្ចាស់ទីតាំងបំពេញឯកសារដែលនៅខ្វះខាត និងរង់ចាំសេចក្តីសម្រេចជាថ្មី។
– ផ្អាកអាជីវកម្មខាងលើជាបណ្តោះអាសន្ន រង់ចាំការសម្រេចជាថ្មី
– ដកហូតផលិតផលមួយចំនួនសម្រាប់ធ្វើវិភាគសំណាក៕

មតិយោបល់