ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹកស្រស់ មីដុំ ម៉ាំល្ហុង ជ្រក់ត្រសក់ និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
-តែចំនួន ៨ ដប ស្មើនឹង ៣ គីឡូក្រាម
-ទឹកដោះគោខាប់ ចំនួន ១ កំប៉ុង ស្មើនឹង ០.៣៨ គីឡូក្រាម
-កាហ្វេម៉ាក ២ កញ្ចប់ ស្មើនឹង ១ គីឡូក្រាម
-សាប៊ូទឹក ចំនួន ២ ដប ស្មើនឹង ១ គីឡូក្រាម
សរុបទំនិញដកហូតបានប្រហែល ចំនួន ៥.៣៨ គីឡូក្រាម
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់