ព័ត៌មានជាតិ

អុញនោះ! វិធានការក្ដៅបើម្ចាស់ហាងបោកអ៊ុត នៅតែបន្តហាលសម្លៀកបំពាក់តាមបណ្ដោយផ្លូវជាតិ

បន្ទាយមានជ័យៈ ដើម្បីរៀបចំសណ្តាបធ្នាប់ របៀបរៀបរយក្នុងក្រុង ក៏ដូចជាសោភ័ណ្ឌភាពក្រុងទាំងមូល ឲ្យមានភាពស្រស់ស្អាត អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ នឹងធ្វើការណែនាំដល់ម្ចាស់អាជីវកម្មបោកអ៊ុត ដែលមាននៅក្នុងក្រុងសិរីសោភ័ណ ពិសេសតាមបណ្តោយផ្លូវជាតិ ដោយមិនអនុញ្ញាត ឲ្យមានការហាលសម្លៀកបំពាក់តាមដងផ្លូវទៀតទេ នេះបើតាមការលើកឡើងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង សិរីសោភ័ណ នៅក្នុងកិច្ចប្រជុំ គណបញ្ជាឯកភាពរដ្ឋបាលក្រុង ដែលមានការចូលរួមពីសំណាក់គណអភិបាលរងក្រុង លោកអធិការក្រុងសិរីសោភ័ណ អ្នកពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង សិរីសោភ័ណ បានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឲ្យបាន ក្នុងការណែនាំឲ្យម្ចាស់ទីតាំងបោកអ៊ុត ឲ្យបញ្ឈប់ការហាលសម្លៀកបំពាក់នៅតាមមុខផ្ទះ តាមដងផ្លូវជាតិ ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌក្រុងរបស់យើង ។ ពិសេសវាជាហេតុធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់ចូលមកក្នុងក្រុង ដែលចំណុចនេះទាមទារឲ្យអាជ្ញាធរត្រូវធ្វើឲ្យបាន បើណែនាំហើយនៅតែមិនស្តាប់ អាជ្ញាធរក្រុងនឹងមានវិធានការ ហៅម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាបញ្ឈប់ការហាលតាមមុខផ្ទះ តាមដងផ្លូវ ហើយបើនៅតែមិនស្តាប់នឹងមានវិធានការតឹងរឹងមិនលើកលែងឡើយ។

ជាមួយគ្នានោះ លោក អភិបាល ក្រុង សិរីសោភ័ណ ក៏បានជម្រុញ ដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើ ពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ម្យ៉ាងវិញទៀត ត្រូវត្រៀមឲ្យបានរួចជាស្រេចនូវឧបករណ៍ ជួយសង្គ្រោះ ថ្នាំសង្កូវ រកទីទួលសុវត្ថិភាព ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលនឹងកើតមានឡើង ។ លោកបានជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដានស្ថានភាពទឹកឲ្យបានជាប្រចាំ ពីកម្ពស់ទឹកតាមដងស្ទឹង ដើម្បីយើងជួយសង្គ្រោះបានទាន់ពេលវេលា ៕

មតិយោបល់