ព័ត៌មានជាតិ

មន្ដ្រីកាំកុងត្រូល ផ្សព្វផ្សាយអំពីបញ្ហាសារធាតុគីមីក្នុងម្ហូបអាហារ

បន្ទាយមានជ័យៈ ​មានការ​ចោទសួរ និង​ឆ្លើយ​យ៉ាង​ផុសផុល​រវាង​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ ​សិស្សានុសិស្ស​ឃុំ​បន្ទាយឆ្មា​ចំនួន​១២០​នាក់​ អំពី​បញ្ហា​សារធាតុ​គីមី​ក្នុង​ម្ហូបអាហារ។

ការ​ចោទសួរ និង​ឆ្លើយ​សំនួរនេះ​ ធ្វើឡើង​ក្នុងពេលដែល​មន្ត្រី​កាំកុងត្រូលសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ចុះ​បង្រៀន ​និង​ណែនាំ​ពី​គុណភាព​ម្ហូប​អាហារ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ​ឃុំ​បន្ទាយឆ្មា ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ ​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ ។

លោក ហុង លៀង អនុប្រធាន​ទី​១​ សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ ទទួលបន្ទុក​ស្ថិតិ​ទីផ្សារ បានឲ្យដឹងថា ​ដោយ​អនុវត្តតាម​បញ្ជា​របស់លោក​ ស៊ាន ស៊ី​ណាត ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ​ក្រៅពី​ការចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ​ និង​ការ​បង្ក្រាប​ ការ​នាំចូល​ទំនិញ​ខូចគុណភាព​ ក្រុមការងារ​តែង​ចុះ​ផ្សព្វផ្សាយ​ ដល់​ប្រជាពលរដ្ឋ​ពី​គុណភាព​ម្ហូបអាហារ លោក​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្រៀន​ណែនាំ​ប្រជាពលរដ្ឋ ​និង​សិស្សា​នុសិស្ស ឲ្យ​ស្គា​ល់​ពី​ប្រភេទ​ទំនិញ​ខូចគុណភាព ​​ការមើល​ពី​សុពលភាព​ទំនិញ ប្រភេទ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​មិន​មាន​ការ​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ ជាដើម។

ជាមួយគ្នានេះ​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល បាន​ធ្វើ​ការ​បង្ហាញ​ផលិតផល​ជា​ចំណីអាហារ​ដែល​ត្រូវ​បាន​ហាមឃាត់​កុំ​ឲ្យ​មានការ​ដាក់​លក់​ និង​ទទួលទានរួមមាន៖​ កម្ទេច​មី​ ដែល​ច្រក​ក្នុង​ថង់​គ្មាន​ស្លាក​សញ្ញា ឬ​ការ​វេច​ខ្ចប់​ដោយ​យក​សំបក​ផ្សេង​មក​ខ្ចប់ ​អូ​វ៉ាន់​ទីន ​ច្រក​ និង​ថង់​លាត​ ទឹកខ្មេះ​សញ្ញា​រូប​ទន្សាយ​ដែល​ជា​ទឹកខ្មេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បរិភោគ​ និង​គ្រឿង​កំប៉ុង​ជាច្រើន​ទៀត ដែល​គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់​ ហួស​កាលបរិច្ឆេទ​ ឬ​កំប៉ុង​ច្រេះ ​ជាដើម។

តាមរយៈ​ការណែនាំ​បង្ហាញពី​សំណាក​មន្ត្រី​ជំនាញ​កាំកុងត្រូល ​ធ្វើឲ្យ​សិស្សានុសិស្ស​ ប្រជា​ពលរដ្ឋ​កាន់តែ​យល់ដឹង​ខ្ពស់ ​ដោយ​បញ្ឈប់​ការ​ទទួល​ទាន​នូវ​ចំណី​អាហារ​ណា ដែល​គ្មាន​គុណភាព និង​ហាមឃាត់ ​ហើយ​បន្តទៅ​ផ្សព្វផ្សាយ​ដល់មិត្ត​ភក្តិ និង​ពលរដ្ឋ​ដទៃទៀត ។

លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មា ​បានឲ្យដឹងថា ​លោក​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ​បន្ថែមទៀត ទៅដល់​ពលរដ្ឋ ​និង​សហគមន៍​ទូទាំង​ឃុំ ដើម្បី​បញ្ចៀស​ការ​ទទួល​ទាន់ ​និង​ប្រើប្រាស់​ទំនិញ​ដែល​គ្មាន​គុណភាព ​ដែលជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៕

មតិយោបល់