ព័ត៌មានជាតិ

ជនជាតិចិន បង្ខំស្ត្រីខ្មែរឲ្យទៅស្រុកចិនជាមួយ តែនាងមិនព្រម ផ្ទុះរឿងឈ្លោះគ្នាផ្អើល

ភ្នំពេញៈ ស្ត្រីម្នាក់ជាជនជាតិខ្មែរ កើតទុក្ខមិនសុខចិត្ត ព្រោះតែបុរសជនជាតិចិន ចាប់បង្ខំឲ្យនាងទៅស្រុកចិន ជាមួយ តែនាងមិនព្រម ព្រោះជារឿងខុសច្បាប់ ក៏កើតជារឿងជម្លោះ ប្រតាយប្រតបគ្នា រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍កាកាបទី១ ឲ្យជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០និង៣៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅមុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្តមានអ្នកទាំង២ មកដល់ប៉ុស្តិ៍នគរបាល ស្ត្រីជនជាតិខ្មែរ បានឲ្យដឹងថា នាងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម កន្លងមកធ្លាប់ទៅធ្វើការងារស្របច្បាប់ នៅឯប្រទេសចិន ហើយក៏មានស្នេហា ជាមួយបុរសជនជាតិចិនខាងលើ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ពិតប្រាកដមែន លុះវិលមកស្រុកខ្មែរវិញ នាងគ្មានសិទ្ធ ឬមានឯកសារ លិខិតឆ្លងដែន ស្របច្បាប់ណាទៅស្រុកចិន អស់រយៈពេលច្រើនខែមកហើយ ស្រាប់តែប៉ុន្មានថ្ងៃនេះ លេចមុខបុរសជនជាតិចិនខាងលើ វិលមកលេងស្រុកខ្មែរ ហើយទៅលេងនាង តាមរកទៅដល់ផ្ទះឯខេត្តកំពង់ចាម។

លុះមកដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បុរសជនជាតិចិនខាងលើ ត្រូវកំណត់វិលទៅស្រុកវិញ ហើយសុំឲ្យនាងជូនដំណើររូបគេ ដល់ព្រលានយន្តហោះ ហើយគ្រាដែលមកដល់ ព្រលានហើយ បែរជាប្រាប់ថា រូបគេ បានទិញនាងឲ្យលុយ ទៅឪពុកម្តាយរួចហើយ ត្រូវតែឡើងយន្តហោះទៅស្រុកចិនជាមួយរូបគេ ។
សម្តីដ៏ភ្ញាក់ផ្អើលខាងលើ ស្ត្រីខ្មែររូបនេះ ប្រកែក ទៅស្រុកចិនយ៉ាងដូចម្តេច បើគ្មានឯកសារ គ្មានលិខិតឆ្លងដែន ស្របច្បាប់ផងនឹង នាងទទួលស្គាល់ហើយ ស្រឡាញ់គ្នា គ្រានៅស្រុកចិន តែវិលមកស្រុកខ្មែរ ពុំស្របច្បាប់ឡើយ នាងមិនទៅជាមួយទេ ទើបកើតជារឿងឈ្លោះប្រកែក ប្រតាយប្រតបគ្នា បង្កភ្ញាក់ផ្អើលដល់ក្រុមអ្នករត់ម៉ូតូកង់បីឃើញ ជួយឃាត់ និងជូនទៅប្តឹងនៅប៉ុស្តិ៍កាកាបទី១។

ភាគីទាំង២ ត្រូវបានសមត្ថកិច្ច ហៅសួរនាំមួយសន្ទុះ ដោយភាគីខាងជនជាតិចិន ដល់ម៉ោងឡើងយន្តហោះហើយ សុំចាកចេញទៅវិញ កុំឲ្យខកខាន ការធ្វើដំណើរ វិលទៅស្រុកឆ្ងាយផង ចំណែកខាងស្រី ក៏ត្រលប់ទៅស្រុកកំណើតវិញបាត់ទៅ៕

មតិយោបល់