ភ្នំពេញៈ ឆ្លើយតបចំពោះសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន មន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយភាគីជប៉ុនបានរៀបចំសិក្ខាសាលាវេជ្ជសាស្រ្ត ដែលមានទាំងទ្រឹស្តី និងការអនុវត្តបង្ហាញផ្ទាល់ពីបន្ទប់ថតឆ្លុះ ក្រពះ ពោះវៀន ជាគុណប្រយោជន៍បំពេញបន្ថែមជាបទពិសោធន៍ល្អៗជាច្រើន ជាទន់ដល់សំខាន់សម្រាប់ជួយក្រុមគ្រូពេទ្យកាន់តែមានជំនឿចិត្តដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពសម្រាប់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជជាណាចក្រកម្ពុជា។
លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីអំពីវិជ្ជសាស្រ្តនៃការធ្វើអង់ដូស្កូបពី កម្ពុជា ជប៉ុន លើកទី១កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការជាមួយសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន។
លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានខ្លឹមសារដោយផ្ដោតសំខាន់លើការព្យាបាលជំងឺនៃប្រព័ន្ធប្រដាប់រំលាយអាហារតាមបែបវិជ្ជសាស្រ្ត នៃការធ្វើ (អង់ដូស្កូបពី) ដែលជាបទពិសោធន៍មួយថ្មីបន្ថែមទៀតសម្រាប់មន្ទីរពេទ្យ និងក្រសួងសុខាភិបាលនៃប្រទេសទាំង២ កម្ពុជា ជប៉ុន ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកជំងឺ ដែលមកទទួលយកសេវាថែទាំ ព្យាបាលដែលទាក់ទងទៅនិងជំនាញនេះ។
លោកបានបន្តទៀតថា ប្រធានបទនៃសិក្ខាសាលានេះ ត្រូវបានជើសរើសដែលស្របគ្នាទៅ នឹងការយកចិត្តទុកដាក់នៃការថែទាំសុខភាពនាពេលបច្ចុប្បន្ន ដែលប្រទេសទាំង២ កំពុងប្រឈរមុខ នឹងការការពារ ការត្រួតពិនិត្យ នឹងការព្យាបាលជំងឺដោយបច្ចេកទេសកាន់តែទំនើបឈានមុខក្នុងការព្យាបាលជំងឺនៃប្រព័ន្ធប្រដាប់រំលាយអាហារ។
បច្ចុប្បន្នបច្ចេកវិទ្យានេះ មានការរីកលូតលាស់យ៉ាងខ្លាំងខ្លា ត្រូវបានទទួលស្គាល់ថា ជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាល ជំងឺប្រពះ ពោះវៀន ផ្លូវទឹកមាត់ និងលំពែង។ ពិសេសជាងនេះទៅទៀតបច្ចេកទេស អង់ដូស្កូបពី អាចជួយឲ្យយើងរកឃើញជំងឺមហារីកក្រពះ ពោះវៀន នៅដំណាក់កាលដំបូងដែលអាចកាត់បន្ថយនូវអត្រាមរណៈ និងជាការបង្ការជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា សិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះនឹងលើកបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេសនឹងបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាជាទន់មួយដែលមានតំម្លៃធំធេងជួយដល់វិស័យសុខមាលភាពនៅកម្ពុជា ជាពិសេសជួយដល់វិជ្ជបណ្ឌិតឯកទេសកាន់តែមានជំនឿជាក់ព្យាបាលជំងឺ ប្រកបដោយគុណភាព។
ដូច្នេះលោកសូមថ្លែងអំណរអរគុណ ចំពោះវត្តមានរបស់លោកសាស្រា្តចារ្យ Hidemi Goto នៃសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន ព្រមទាំងក្រុមសាស្រ្តាចារ្យ វិជ្ជបណ្ឌិត សហភាតរៈជប៉ុន និងកម្ពុជាទាំងអស់៕
មតិយោបល់