ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីវ័យ ៦៩ឆ្នាំ ដេកស្លាប់តែម្នាក់ឯង គ្មានកូនគ្មានចៅ នៅស្រុកមុខកំពូល

កណ្ដាលៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩និង១៨នាទី មានករណីមនុស្សដេកស្លាប់ ចំណុចលើផ្ទះជនរងគ្រោះភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ិច ណេត ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅ ភូមិឃុំកើតហេតុ។

សភាពនៃរឿងហេតុ៖ កន្លងមកជនរងគ្រោះធ្លាប់ មានជំងឺប្រចាំកាយ (លើសឈាម ថ្លើម អាស៊ីត) និងហូបស្រាជាប្រចាំថ្ងៃហើយពុំមាន(ប្តី)ទេ រស់នៅតែម្នាក់ឯង កាលពីឆ្នាំ២០១៧ ជនរងគ្រោះធ្លាប់មានបញ្ហាដេកសន្លប់ តែបានយកទៅមន្ទីរពេទ្យជួយសង្គ្រោះទាន់។ រហូតនៅថ្ងៃកើតហេតុឈ្មោះ សុង ផាន់និច អ្នករស់នៅក្បែរផ្ទះ មានការឆ្ងល់ដោយមិនឃើញជនរងគ្រោះដើរហាត់ប្រាណពេលព្រឹកដូចសព្វដង ហើយរបងផ្ទះចាក់សោរ។ លុះដល់ម៉ោងកើតហេតុឈ្មោះ សុង ផាន់និច ក៏ដើរទៅរកមើលឃើញទ្វារផ្ទះទាំងមុខទាំងទ្វារក្រោយដាក់គន្លឹះក្នុងជាប់ រួច ក៏ស្រែកហៅជនរងគ្រោះ និងគោះទ្វារខ្លាំងៗតែមិនឮ ជនរងគ្រោះឆ្លើយតប រត់មកហៅប្អូនស្រីឈ្មោះ សុង ផាន់នីន ឲ្យមកជួយហៅទៀតនៅតែមិនឮជនរងគ្រោះឆ្លើយ។ ក៏សម្រេចចិត្តទៅតាមគេមកជួយគាស់ទ្វារ រួចក៏នាំគ្នាចូលមើល ឃើញជនរងគ្រោះដេកស្លាប់បាត់ហើយ ។

ក្រោយមកមន្ត្រីជំនាញដឹកនាំដោយកម្លាំងនាយកដ្ឋាន បច្ចេកទេសវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ និងអង្គការការពារកុមារ (cpu) សហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តខេត្តផ្នែកជំនាញស្រុកកម្លាំង ប៉ុស្តិ៍អាជ្ញាធរមូលដ្ឋានពេទ្យឃុំបានធ្វើការពិនិត្យសាកសពជនរង
គ្រោះ លទ្ធផលបញ្ជាក់ថា នៅលើដងខ្លួននិងអវៈយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យ កត់សម្គាល់ឡើយ។

ការសន្និដ្ឋាន៖ របស់ជំនាញ ជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង(ជម្ងឺប្រចាំកាយ លើសឈាម) សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់