ព័ត៌មានជាតិ

ករណីជំងឺឆ្លង COVID-19 នៅចិន មនុស្សស្លាប់កើនទ្បើង ដល់ចំនួន ១,៨៦៨នាក់ហើយ

ចិនៈ យោងតាមគណៈកម្មការសុខាភិបាល របស់ប្រទេសចិន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា ឬ COVID-19 បានកើនឡើងដល់យ៉ាងហោចណាស់ ១,៨៦៨ នាក់ហើយ បើគិតត្រឹមរយៈពេញមួយថ្ងៃច័ន្ទ ដោយមានអ្នកស្លាប់ថ្មីបន្ថែមទៀត ចំនួន ៩៣ នាក់ មកពីខេត្តហ៊ូប៉ី និង ៥ នាក់ទៀត នៅតំបន់ផ្សេងទៀត ក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

យ៉ាងណាមិញខាងរដ្ឋាភិបាល ក៏បានរាយការណ៍បញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ មានករណីឆ្លងថ្មីបន្ថែមទៀតចំនួន ១,៨៨៦ នាក់ នៅទូទាំងប្រទេស ប៉ុន្តែភាគច្រើនមកពីខេត្តហ៊ូប៉ី ដែលសរុបតួលេខអ្នកឆ្លងនៅទូទាំងប្រទេស គឺមានយ៉ាងហោចណាស់ចំនួន ៧២,៤៣៦ នាក់។

ព័ត៌មានចុងក្រោយនេះ កើតឡើងនៅពេលដែលអង្គភាពព័ត៌មានហិរញ្ញវត្ថុ Caixin ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានរាយការណ៍កាលពីថ្ងៃអង្គារថា បុគ្គលិកសុខាភិបាលចិនជាង ៣,០០០ នាក់ បានឆ្លងវីរុសនេះរួចទៅហើយ គឺវាមានចំនួនច្រើនជាង រហូតស្ទើរតែពីរដងនៃរបាយការណ៍ ដែលរដ្ឋាភិបាលបានចេញផ្សាយ៕

មតិយោបល់