ភ្នំពេញ: ចម្ងល់ពលរដ្ឋតាមតុកាហ្វេ ពួកគាត់ចង់ឃើញលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការទៅលើលោកអធិការខណ្ឌពោធិ៍សែនជ័យ និងលោកមេប៉ុស្តិ៍ចោមចៅទី១ ជុំវិញករណីពលរដ្ឋឃាត់ខ្លួនជនសង្ស័យ យកទៅប្រគល់ជូនសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋចោមចៅ១ បែរជាសមត្ថកិច្ចប្រហែស បណ្ដោយឲ្យជនសង្ស័យរត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះទៅវិញ ហាក់បីដូចជាគ្មានជំនាញ ច្បាស់លាស់ទាល់តែសោះ។
ខណៈមតិផ្សេងទៀត លើកទ្បើងថា សង្ស័យជាចេតនារបស់លោកមេប៉ុស្តិ៍ ឲ្យលោកចោរគេចខ្លួនទៅយ៉ាងស្រួល នេះថ្នាក់នៅប៉ុស្តិ៍ប៉ូលិសហើយ នៅរត់បានទៀត ចុះទម្រាំមានបទល្មើស ប៉ូលិសដេញចាប់ចោរ មិនដឹងជាយ៉ាងណាទេ ព្រោះរឿងមួយៗ នីតិវិធីស្រាវជ្រាវប្រើពេលយូរណាស់ ទើបអាចចាប់បានជនសង្ស័យម្ដងៗ។
តើលោក ស ថេត ហ៊ានស្ដីបន្ទោស ដាក់វិន័យលោកអធិការ និងលោកមេប៉ុស្តិ៍ចោមចៅទី១ ឬមួយយ៉ាងណា? មកទល់ពេលនេះ ឃើញស្ងាត់ឲ្យឈឹង ពលរដ្ឋកំពុងតែតាមដាន ថាតើជនសង្ស័យដែលរត់នោះ តាមចាប់បាននៅពេលណា ឲ្យមហាជនអស់ចម្ងល់។
សរុបមកករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទ ទំនាក់ទំនងទៅលោក ស ថេត ដែលជាស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺ ថារឿងនេះមានចំណាត់ការដល់ណាហើយ។
សូមជំរាបថា កាលពីកណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ មានជនសង្ស័យម្នាក់ បានរត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ដោយជនសង្ស័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន នៅពេលធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ៕
មតិយោបល់