ព័ត៌មានជាតិ

KTV ក្លឹបកម្សាន្ដបិទអស់ហើយ ខណៈអាជ្ញាធរ ចុះណែនាំ ម្ចាស់ហាងប្រាប់ថា «បៀហ្កាឌិន» ទេ បើកធម្មតា….

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៨ ​យប់ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានចុះណែនាំឲ្យម្ចាស់ហាង KTV ក្លឹបកម្សាន្តនានា ឲ្យផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីមានការជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩ នាពេលបច្ចុប្បន្ន។

ខណៈដែលកម្លាំង បានចុះអនុវត្តនៅទីតាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែម្ចាស់ហាង ប្រាប់ថា កន្លែងគាត់ គ្រាន់តែជា «បៀហ្កាឌិន» ទេ ប៉ុន្តែសង្កេតឃើញមានមនុស្សម្នា ចូលហូប និងផឹកស៊ីជុំគ្នា ដូចថ្ងៃធម្មតាអ៊ីចឹង។

ពលរដ្ឋមានចម្ងល់ថា សេចក្ដីជូនដំណឹងរបស់ក្រសួង ប្រកាសឲ្យផ្អាកមានកន្លែងដូច KTV រោងកុន សារមន្ទីរ ការប្រគុំតន្ត្រីតាមទីសាធារណៈ ក្លឹបកម្សាន្តនានាប៉ុណ្ណោះ ប៉ុន្តែ «បៀហ្កាឌិន» មិនដឹងថា ត្រូវបិទដែរឬទេ? ព្រោះវាក៏ជាទីប្រជុំជនផងដែរ ខណៈខណ្ឌដង្កោ គេសង្កេតឃើញថា សម្បូរហាង «បៀហ្កាឌិន» គួរសម ជាពិសេសផ្លូវទៅទួលពង្រ យប់មិញនៅបើកធម្មតា ទោះអាជ្ញាធរមូលដ្ឋាន ចុះណែនាំយ៉ាងណាក៏មិនស្ដាប់ អាងមានហេតុផលថា «បៀហ្កាឌិន» ទេ៕

មតិយោបល់