ព័ត៌មានជាតិ

មន្ត្រីរាជការចំនួន ២៤នាក់ ក្នុងនោះប្រុស ២នាក់ មកពីខេត្តសៀមរាប ពុលអាហារក្នុងភោជនីយដ្ឋាន លិហួយ កាហ្វេ និង ស៊ុប ខេត្តព្រះសីហនុ

(ព្រះសីហនុ) : មន្ត្រីរាជការចំនួន ២៤នាក់ ក្នុងនោះមានប្រុស ២នាក់ មកពីខេត្តសៀមរាប ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជួយសង្គ្រោះជាបន្តបន្ទាប់ ខណៈពេលពួកគាត់​បាន​ហូបស៊ុប នៅក្នុងភោជនីយដ្ឋាន លិហួយ កាហ្វេ និង ស៊ុប​ ស្ថិតនៅតាមបណ្តោយផ្លូវវិថី ៧ មករា ក្នុងសង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ។
 បងស្រីឈ្មោះ ឃុត សារិន អាយុ ៥៦ឆ្នាំ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា នៅ​យប់​ថ្ងៃទី ២៧ ខែ​ មីនា ឆ្នាំ ២០១៦ ជនរងគ្រោះបុរសខាងលើ បានចូលទៅហូបចំណីអាហារ​ នៅក្នុងហាងខាងលើ ។ ក្រោយពីបានហូបរួច នៅម៉ោងប្រមាណ ៨ ក៏បាននាំគ្នាទៅសំរាក​នៅ​ផ្ទះសំណាក់មួយកន្លែង នៅតំបន់ឆ្នេរអូរឈើទាល ជាធម្មតា ប៉ុន្តែក្រោយមកនៅម៉ោង​ប្រមាណ ២២ ទៅ ២៣យប់ ក៏ស្រាប់តែបងប្អូនទាំងអស់ ដែលបានទៅហូបស៊ុប ក៏កើតមានអាការៈ​រាគ ក្អួតចង្អោរជាបន្តបន្ទាប់ ហើយភ្លាមៗក៏បាន នាំយកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ខេត្ត​ព្រះសីហនុ ដើម្បីជួយសង្គ្រោះផងដែរ ។ 
បងស្រីរូបនោះ បានបញ្ជាក់ទៀតថា ជុំវិញការ​មាន​អាការៈនោះ រូបគាត់មិនបានដឹងថា បណ្តាលមកពីហូបចំណីនៅក្នុងហាងខាងលើ ឬ យ៉ាង​ណា​នោះទេ គ្រាន់តែបានបញ្ជាក់ថា នៅមុនពេលចូលហូបចំណី នៅហាងខាងលើ ជនរង​គ្រោះ​មិនបានហូបអីផ្សេងនោះឡើយ ។
 លោក សែ សិទ្ឋិចូត មន្ត្រីមន្ទីរសុខាភិបាល ជុំវិញបញ្ហានេះ បានបញ្ជាក់ថា ពិតជាមាន​ការពុលអាហារ ចំនួន ២៤នាក់ ពិតប្រាកដមែន ហើយបច្ចុប្បន្ន ជនរងគ្រោះមួយចំនួនមាន​សភាពធូរស្រាលខ្លះហើយ និង បានចេញពីមន្ទីរពេទ្យហើយ ។ នៅចំពោះមុខករណីខាងលើ​នេះ ក្រោយពីទទួលព័ត៌មានភ្លាម មន្ត្រីមន្ទីរពេទ្យខេត្តព្រះសីហនុ បានចុះទៅធ្វើការត្រួតពិនិត្យ​ផងដែរ ដោយទី ១ ចុះទៅសួរសុខទុក្ខ សម្ភាសន៍អ្នកជំងឺ​ រកមូលហេតុ និងទៅពិនិត្យមើល​អ្នកដែលបានហូបស៊ុប បណ្តាលមកពីមូលហេតុអ្វី បានជាពុល ២ មន្ទីរបានរាយការណ៍ជូន​ក្រុម​ប្រយុទ្ឋ​ជំងឺឆ្លង របស់​សុខាភិបាល និង សុំគោលការណ៍របស់គាត់ ថាត្រូវធ្វើយ៉ាងមេច ៣ ពិនិត្យ​ហាងលក់ស៊ុប ឃើញ​មានគ្រឿងផ្សំ មាន ១៤មុខ និង យកជាតិដែលនៅសល់ ទៅ​ពិនិត្យ​នៅក្រសួងសុខាភិបាល (ឡាបូថ្នាក់ជាតិ) ហើយចំពោះវិធានការបែបណានោះ គឺរង់ចាំ​លទ្ឋផល នៃការពិនិត្យរបស់ថ្នាក់ក្រសួងរួច ។ 
 ដោយឡែកបងស្រីឈ្មោះ ជាវ គឹមហួរ អាយុ ៣៥ឆ្នាំ ដែលជាថៅកែហាងស៊ុប​ខាងលើ បាននិយាយថា នៅយប់កើតហេតុនោះ ក្រុមជនរងគ្រោះ មិនត្រឹមមានតែ ២៤នាក់ទេ គឺមាន​រហូតដល់ទៅ ៥០ជាងនាក់ បានចូលទៅហូបស៊ុបរបស់គាត់ ហើយក្នុងនោះក៏មានភ្ញៀវផ្សេង ក្រៅពីក្រុមរបស់ជនរងគ្រោះ មួយចំនួនផងដែរ បើសរុបទៅ ក្នុងយប់កើតហេតុនោះ មានភ្ញៀវ​ចូលហូបស៊ុបកន្លែងរបស់គាត់ សរុបរហូតទៅដល់ ១២០នាក់ ឯណោះ ប៉ុន្តែបែរជាមកពុលតែ ជនរងគ្រោះចំនួន ២៤នាក់ទៅវិញ ។ ចំណុចនេះបងស្រី ជាវ គឹមហួរ បាននិយាយថា ជនរងគ្រោះ ដែលអះអាងថាពុលអាហារនៅកន្លែងគាត់នោះ វាមិនប្រាកដថា ពុលអាហារ​នៅ​ភោជនីយដ្ឋានគាត់ទេ បើសិនជាអាហារនៅកន្លែងគាត់ពុល ប្រហែលជាង ១០០ជាងនាក់នោះ អាចពុលដែរហើយ ដូចនេះ គាត់សំណូមពរឲ្យមន្ត្រីជំនាញពាក់ព័ន្ឋ មេត្តាពិនិត្យឲ្យបាន​ច្បាស់លាស់ លើបញ្ហានេះផងដែរ ជៀសវាងមានការចោទប្រកាន់ទៅលើអាហាររបស់គាត់ ដែល​កំពុងតែមានអតិថិជនជាច្រើន ពេញនិយម ។
 គួរបញ្ជាក់ផងដែរ ភោជនីយដ្ឋាន លិហួយ នេះ ទើបនឹងចាប់ផ្តើមបើកលក់នៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៦ ដោយមាន​លក់អាហារពេលព្រឹក អាហារថ្ងៃត្រង់ និង អាហារបុហ្វេពេល​ល្ងាច ដោយអាហារបុហ្វេ ភ្ញៀវហូបក្នុងម្នាក់ ៨ដុល្លារ តែគួរឲ្យសោកស្តាយមិនទាន់បើក​បាន​រយៈពេល កន្លះខែស្រួលបួលផង បែរជាមានរឿងពុលចំណីអាហារបែបនេះទៅវិញ ។ ទាំងនេះ គឺជាការព្រួយបារម្ភមួយ របស់ប្រជាពលរដ្ឋទូទៅ ក្នុងខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវ​ទេសចរណ៍ជាតិ និង អន្តរជាតិ​ ដោយសំណូមពរទៅដល់មន្ត្រីពាក់ព័ន្ឋ មេត្តាពិនិត្យឲ្យបាន​ច្បាស់ រាល់ការលក់ម្ហូបអាហាររបស់ហាងនេះ ចាប់ពីបន្លែ រហូតដល់ត្រីសាច់ ដើម្បីជៀសវាង​ផលប៉ះពាល់ ដល់ភ្ញៀវផ្សេងៗទៀត ។

   
    
 

មតិយោបល់