ភ្នំពេញៈ សាកសពបុរសចំណាស់ម្នាក់ ត្រូវបានពលរដ្ឋ ព្រះសង្ឃ ដូនជី ប្រទះឃើញដេកស្លាប់ ក្នុងបរិវេណវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ។
បុរសជាជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុជាង៧០ឆ្នាំ ជាជនអនាថា ត្រូវបានគេប្រទះឃើញចូលមកជ្រកកោណ សម្រាកក្នុងទីអារាមច្រើនថ្ថៃមកហើយ ហើយត្រូវបានព្រះសង្ឃ យាយជី តាជី ក្នុងវត្ត ហុចជូនជាបាយ ជាទឹក មិនដឹងថាសាច់ញាតិ បងប្អូន ស្រុក ឬផ្ទះសម្បែងដល់ទីណាឡើយ។
បើតាម បុរសឈ្មោះ សុខា អាយុ៣២ឆ្នាំ ស្នាក់អាស្រ័យ ក្នុងវត្តអង្គតាម៉ិញ ឲ្យដឹងថា លោកតាចំណាស់ខាងលើ ត្រូវបានគេឃើញចូលមកស្នាក់អាស្រ័យក្នុងទីធ្លាវត្ត តាំងពី៥ថ្ងៃមុនកើតហេតុម៉្លេះ ជាជនអនាថាសួររកសាច់ញាតិ ផ្ទះសម្បែង ក៏មិនស្តី បានអ្នកក្នុងវត្តជូនជាបាយទឹកចំណី លុះរហូតដល់វេលាម៉ោងខាងលើ ខណៈដែលអ្នកនៅក្នុងវត្ត មិនបានចាប់អារម្មណ៍ ស្រាប់តែប្រទះឃើញដេកស្លាប់ នៅក្បែរដងទង់ មុខព្រះវិហារយ៉ាងកណ្តោចកណ្តែង ទាំងគ្មានញាតិយ៉ាងសោគសង្រេង។
ក្រោយពីប្រទះឃើញ លោកតាអនាថាដេកស្លាប់ ក៏បានរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចមកពិនិត្យជាក់ស្តែង និងជួយស្រាវជ្រាវរកសាច់ញាតិ។
តាមនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា ជនរងគ្រោះក្រោយពីធ្វើការពិនិត្យកោសល្យវិច័យរួចសន្និដ្ឋាន ស្លាប់ដោយខ្យល់គរ គាំងបេះដូង ត្រូវប្រគល់ជូនអាជ្ញាធរ និងគណៈកម្មការវត្ត ជួយរៀបចំធ្វើបុណ្យតាមប្រពៃណី រួចបន្តធ្វើការស្រាវជ្រាវប្រកាសរកសាច់ញាតិ៕
https://youtu.be/P2F7aOwCFMs
មតិយោបល់