ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! យុវជនពីរក្រុម ជិះម៉ូតូដេញវាយគ្នា តាមផ្លូវសាធារណៈ ជ្រុលទៅបុកដើមក្ងោក ពេញទំហឹង បណ្តាលឲ្យរងរបួស

ភ្នំពេញ: យុវជនពីរនាក់ជិះម៉ូតូហុងដាស្កុបពីមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកដើមក្ងោកមួយដើមពេញទំហឹង បន្ទាប់ពីយុវជននេះជិះម៉ូតូដេញវាយយុវជនមួយក្រុមទៀត ហើយត្រូវគេដេញវាយវិញ ក៏ជិះរត់ទាំងភ័យស្លន់ស្លោ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរហាងកាហ្វេOK តាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះមកធ្វើការអន្តរាគមន៍ និងធ្វើការសាកសួរជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HY3378 ។ រួមជាមួយបក្ខពួកជិះម៉ូតូមួយគ្រឿងទៀតម៉ាក PCX មិនចាំផ្លាកលេខ ។ ដោយបើកបរធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ ស្របពេលនោះដែរក៏មានយុវជនមួយក្រុមទៀត មានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣ទៅ៤គ្រឿង មិនចាំម៉ាកបានជិះដេញតាមពីក្រោយ ។ លុះពេលមកដល់ចំណុចកើតហេតុ យុវជនទាំងពីរនាក់ខាងលើរួចរួមជាមួយបក្ខពួក ក៏បានបើកបត់ឆ្វេងទៅផ្លូវ២៧១ ទាំងសភាពភ័យស្លន់ស្លោ ។ រួចដោយមិនប្រយ័ត្នយុវជនទាំងពីរនាក់ខាងលើ ក៏បានជ្រុលចង្កូតទៅខាងស្ដាំទៅបុកនិងដើមក្ងោកមួយដើមពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯយុវជនទាំងពីរនាក់ ដែលជាអ្នកបើកបរបានរងរបួសស្រាល រីឯបក្ខពួកបានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ដែលកំពុងធ្វើការជិះល្បាត បានប្រទះឃើញក៏ចូលទៅធ្វើការអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការអន្តរាគមន៍ភ្លាមៗនោះ យុវជនមួយក្រុមដែលជិះដេញតាមពីក្រោយយុវជនទាំងពីរនាក់ខាងលើ បានអះអាងថាពួកគេ គឺជាជនរងគ្រោះគឺដោយនៅមុនពេលកើតហេតុ ខណ:ដែលពួកគេកំពុងតែជិះត្រឡប់ទៅផ្ទះ ស្រាប់តែយុវជនទាំងពីរនាក់ខាងលើរួមទាំងបក្ខពួកបានជិះម៉ូតូតាមមកពីក្រោយ និងបានយកមួកសុវត្ថិភាពវាយមិត្តរបស់ពួកគេម្នាក់ នៅត្រង់ចំណុចផ្លូវភ្លោះអូរឫស្សី ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ហើយក៏ព្យាយាមជិះរត់គេចខ្លួន ទើបពួកគេមិនសុខចិត្តក៏ជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុតែម្ដង ។ ចំណែកឯយុវជនទាំងពីរនាក់ខាងលើ បានបដិសេធន៍ថា ពួកគេមិនបានដឹងរឿងអ្វីនោះទេ ស្រាប់តែយុវជនទាំងនោះ ជិះម៉ូតូដេញវាយពួកគេទៅវិញ ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរក្រុមក៏បានធ្វើការចរចាដោះស្រាយសម្របសម្រួលគ្នា ដោយភាគីខាងយុវជនទាំងពីរនាក់ បានចេញសំណងចំនួន៣០ដុល្លារ ឲ្យទៅភាគីខាងយុវជនមួយក្រុម ដែលជិះដេញពីក្រោយ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់