ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋ នាំគ្នា ដេញឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជិះម៉ូតូ មួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ បណ្តាលឲ្យដួលម៉ូតូរងរបួស តែមិនបានសម្រេច ហើយជិះគេចខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង២៥នាទីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយត្រូវប្រជាពលរដ្ឋ ដេញឃាត់ខ្លួនបាននៅក្នុងមូលដ្ឋាន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ៖ ១.ឈ្មោះ ជឿន សុជាតិ ភេទប្រុសអាយុ១៧ឆ្នាំ មានលំនៅភូមិ អណ្តូងទី៦ និង២.ឈ្មោះ លុយ វុទ្ធា ភេទប្រុសអាយុ១៧ឆ្នាំ មានលំនៅភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ជិះ ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាកផ្លាកលេខ កំពត1D.6339មួយគ្រឿង ។ ចំណែកជនរងគ្រោះឈ្មោះ ខុន សុខា អាយុ៤២ឆ្នាំ មានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមជនរងគ្រោះជាម្ចាស់កាបូប បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង គោលបំណងទៅទិញថ្នាំពេទ្យ ខណៈដែលធ្វើដំណើរ មកដល់កន្លែងកើតហេតុ មុខផ្សារឡាក់គី ក្នុងសង្កាត់គោកឃ្លាង ស្រាប់តែ មានជនសង្ស័យ២នាក់ ជិះម៉ូតូមកប៉ះបណ្តាលឲ្យដួលម៉ូតូផ្កាប់មុខ រងរបួសដៃនិងជើងតែម្តង។ គាត់ពុំដឹងថា ជនសង្ស័យ ឆក់កាបូបពិតប្រាកដឬយ៉ាងណានោះទេ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ហើយជនសង្ស័យ២នាក់នោះ បានជិះម៉ូតូ មកអែបស្រ្តីរងគ្រោះធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច បណ្តាលឲ្យនារីម្ចាស់កាបូបដួលម៉ូតូ ។ ភ្លាមៗ អ្នកដំណើរក៏បាននាំគ្នា ដេញតាមស្រែកចោរៗ នៅពេលមកដល់មូលដ្ឋាន សង្កាត់កាកាប១ ហួសផ្លូវរថភ្លើងបានបន្តិច ជនសង្ស័យ ក៏បានដួលម៉ូតូដោយខ្លួនឯងហើយ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ឃាត់ខ្លួនបានរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ កាកាបទី១ ។ ចំណែកជនសង្ស័យ បានធ្វើការបដិសេធថា មិនបានធ្វើសកម្មភាពឆក់ឡើយ គ្រាន់តែជិះម៉ូតូប៉ះតែប៉ុណ្ណោះ ។ ក្រោយក៏បានបញ្ជូនទៅប៉ុស្តិ៍នគរបាលគោកឃ្លាង ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ៕
មតិយោបល់