ព័ត៌មានជាតិ

សូមមេត្តាប្រុងប្រយ័ត្នប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់អាង៧មករា ព្រោះកម្ពស់ទឹកឡើងដល់ ៧,៤ ម៉ែត្រ ហើយ

យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាង៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត លើភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៥រសៀលនេះគឺមានកម្ពស់ ៧,៤ ម៉ែត្រ បើធៀបនឹងព្រឹកមិញគឺបានហក់ឡើងបន្ថែម ០,៣ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។ ពេលនេះក្រុមការងារបានបើកទ្វារទឹកទាំង៤ទ្វារ ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹក២ គឺ ផ្លូវនាំទឹកទី១ តាមព្រែកកំពឹស(ប្រឡាយតាហោ)និងព្រែកហូរទម្លាក់ទឹកហូរទៅបឹងជើងលោង និង ផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅបង្ហូរទឹកទម្លាក់ចូលទន្លេបាសាក់ ។

មកដល់ពេលនេះ ស្ថានភាពស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង ,បាវខ្សាច់ធំចំនួន ១.០០០បាវ ,បាវខ្សាច់តូចចំនួន ២០.០០០បាវ , សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ២៤ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម ៕

 

 

 

មតិយោបល់