ភ្នំពេញ:ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការ ពីអង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា បានរៀបចំសន្និសីទ មេដឹកនាំអាស៊ី ស្តីពីការពង្រឹងវប្បធម៌សន្តិភាពនៅកម្ពុជា នាថ្ងៃទី២១ ខែមេសា នេះ នៅសណ្ឋាគារ សាន់វ៉េ (Sunway Hotel) ដោយមានវាគ្មិនសំខាន់ៗ មានបទពិសោធន៍ មកពី អាមេរិក ជប៉ុន អាល្លឺម៉ង់ និងសាធារណរដ្ឋកូរ៉េ ធ្វើបទបង្ហាញពាក់ព័ន្ធការពង្រឹងវប្បធម៌សន្តិភាព ដល់សាស្ត្រាចារ្យ លោក គ្រូ អ្នកគ្រូកម្ពុជា ជាង ២៥០នាក់។
លោក តូច ជឿន អគ្គនាយកនៃនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបើកសន្និសីទថ្ងៃនេះ គឺជាកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស ដល់សាស្ត្រាចារ្យ គ្រូបង្រៀនរបស់យើង ឱ្យមានការយល់ដឹងពីផ្នត់គំនិត បង្កើនវប្បធម៌សន្តិភាព ដើម្បីថែរក្សាឲ្យបាន នូវសុខដុមនីយកម្ម ជាមហាគ្រួសារកម្ពុជា រួមទាំងក្នុងតំបន់ និងពិភពលោក។
លោកបានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានរំលឹកជាញឹកញយហើយថា សន្តិភាព គឺជារបស់ ដែលមិនអាចកាត់ថ្លៃបាន ហេតុដូច្នេះហើយ បានជាក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលជាអ្នកផ្តល់ការអប់រំ ដល់យុវជន និងកុមារ និងមនុស្សទូទៅ ដើម្បីឲ្យមានសមត្ថភាពយល់ដឹងថា តើសន្តិភាពមានន័យយ៉ាងដូម្តេច ហើយសន្តិភាព មានន័យប៉ុណ្ណា ចំពោះការអភិវឌ្ឍសង្គមជាតិ ទាំងមូល។ ការបង្កើតសន្តិភាពដល់សង្គមជាតិ មានតួនាទីអ្វីខ្លះ មានគ្រឹះអ្វីខ្លះ ក្នុងនាមយើងជាគ្រូបង្រៀន នៅតាមសាកលវិទ្យាល័យ អនុវិទ្យាល័យ យកទៅផ្សព្វផ្សាយបន្ត ដល់យុវជន យុវនារី ដែលជានិស្សិត ជាសិស្សរបស់ខ្លួន អំពីខ្លឹមសារសន្តិភាព ឱ្យបានយល់ស្រប ទៅនឹងគោលនយោបាយ ដំណាក់ទី១ ទី២ និងដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក តូច ជឿន បានបញ្ជាក់ទៀតថា ទាក់ទងនឹងពាក្យសន្តិភាពនេះ នៅក្នុងកម្មវិធីអប់រំរបស់ក្រសួង ក៏បានបង្រៀនដល់សិស្ស-និស្សិតហើយដែរ តាមរយៈមេរៀនប្រវត្តិសាស្ត្ររបស់ខ្មែរ ពីថ្នាក់ទី៣ រហូតដល់សកលវិទ្យាល័យ ពាក់ព័ន្ធពីសង្គ្រាមស៊ីវិល ការបង្កើត និងការថែរក្សាសន្តិភាព ដោយមានការចូលរួមអន្តរជាតិ រហូតមានការបោះឆ្នោតជាសកល តាមសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស។
លោកមានជំនឿថា ឆ្លងតាមការធ្វើបទបង្ហាញពីវាគ្មិនថ្ងៃនេះ សាស្ត្រាចារ្យទាំងអស់ ដែលបានចូលរួម និងទទួលបាននូវបទពិសោធន៍ចំណេះដឹង មួយចំនួន ថែមទៀត អាចយកទៅប្រើប្រាស់ នៅក្នុងប្រវត្តិសាស្ត្រ បង្រៀន ដល់និស្សិតរបស់យើង ជាពិសេស សម្រាប់ប្រព័ន្ធអប់រំកម្ពុជា ក៏ដូចសង្គមជាតិ និងសង្គមគ្រួសារ ផងដែរ ដើម្បីជួយថែរក្សាសន្តិភាព ឱ្យមានជារៀងរហូត និងរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ព្រោះថា ការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើន បើសិនជាគ្មានសន្តិភាពទេ មិនអាចអភិឌ្ឍន៍រីកចម្រើនបានឡើយ។
លោក លឹម ចាន់ថា គ្រូបង្រៀនផ្នែកចំណេះទូទៅ នៃវិទ្យាល័យជម្ពូវ័ន យល់ថា សន្និសីទថ្ងៃនេះសំខាន់ណាស់ ដើម្បីជាទុន សម្រាប់សាស្ត្រាចារ្យ ក៏ដូចជាលោកគ្រូបង្រៀនទាំងអស់ ដែលបានចូលរួមយកទៅផ្សព្វផ្សាយបន្ត ដល់និស្សិត សិស្សរបស់ខ្លួន ឱ្យយល់ពីតម្លៃនៃវប្បធម៌សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ៕
មតិយោបល់