ព័ត៌មានជាតិ

ខ្យល់កន្ដ្រាក់ បាក់ផ្ទះ សង្កត់មនុស្សស្លាប់ម្នាក់ របួសធ្ងន់-ស្រាល៤នាក់

មណ្ឌលគិរីៈ ឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងផ្គរ ឆក់យកសង្ខារមនុស្សម្នាក់ និងមនុស្សចំនួន៤នាក់ ទៀតបានរងរបួសធ្ងន់-ស្រាល ហេតុការណ៏នេះកើតឡើង នៅម៉ោងប្រមាណជា៦និង១០ នាទីល្ងាចថ្ងៃទី១៤សីហា២០១៦ ស្ថិតក្នុងភូមិរណែងក្រៅ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រជាពលរដ្ឋ បាននិយាយថា មុនពេលកើតហេតុ មានមនុស្សជាច្រើនរួម និងម្ចាស់ផ្ទះ ឈ្មោះឈឹម ផាន្នី បាននាំគ្នាអង្គុយផឹកស៊ីនៅក្រោមផ្ទះ ។លុះផឹកមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែ មាន ខ្យល់បោកបក់ មកយ៉ាងខ្លាំង ដោយទិសខ្យល់នោះ គឺបោកបក់ចំផ្ទះជនរងគ្រោះ បណ្តាលឲ្យ ផ្ទះ១ខ្នងនោះ បាក់រលំដួល រាប ផ្អើលមនុស្សរត់ចេញ ទាំងប្រសាច ពីក្រោមផ្ទះខ្លះរត់ទាន់ ខ្លះមិនទាន់។

ក្រោយកើតហេតុភ្លាមៗ គេក៏បានឃើញមាន ជនរងគ្រោះម្នាក់ ដួលដេក នៅក្រោមគំនរឈើបាក់បែក នោះ ហើយគេសន្និដ្ឋានថា ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ភ្លាមៗទៅហើយ ជាមួយគ្នានោះក៏មាន មនុស្ស ៤នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលផងដែរ។

នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍មាន ឈ្មោះ ផល ភក្កី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ចំណែក៤នាក់ទៀតរង របួសធ្ងន់ស្រាលនោះ ត្រូវគេបញ្ជូនទៅសំរាកព្យាបាល នៅមន្ទីរពេទ្យឯកជន។

លោក អភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង បាននិងកំពុងចាត់ចែងឲ្យ មន្ត្រីសាលាខេត្តរួមជាមួយ មន្ត្រីសាលាស្រុកកែវសីមា ចុះទៅមូលដ្ឋានផ្ទាល់ ដើម្បីធ្វើការផ្តល់ជំនួយ មនុស្សធម៌ដល់គ្រួសារ រងគ្រោះដល់អាយុជីវិត និងគ្រួសារអ្នករងរបួសមួយ ចំនួនទៀត ដែលកំពុងជួប ហេតុការណ៍ដ៏អាក្រក់នេះ៕

Untitled-1

មតិយោបល់