ព័ត៌មានជាតិ

បាក់ផ្ទាំងឥដ្ឋកំពុងសាងសង់អគារមួយកន្លែង បណ្តាលឲ្យត្រូវមនុស្សរងរបួសធ្ងន់០២នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានករណីភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ខ្លាំង បាក់ផ្ទាំងឥដ្ឋនៅការដ្ឋានកំពុងសាងសង់អគារមួយកន្លែង មានកម្ពស់៣ជាន់ ត្រូវចំដំបូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសមនុស្ស ចំនួន០២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ តាមភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះ ហើយបានធ្វើការ សាកសួរព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង និងលាយឡំទៅដោយខ្យល់កន្រ្តាក់ផងនោះ មានការដ្ឋានកំពុងសាងសង់អគារមួយកន្លែង បានបាក់ផ្ទាំងឥដ្ឋធ្លាក់មកត្រូវចំដំបូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ លាន់ឮសូរគ្រាំង បណ្តាលឲ្យមនុស្សចំនួន០២នាក់ រងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុ ករណីខាងលើនោះ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល និងធ្វើការសាកសួរព័ត៌មាន ម្ចាស់ផ្ទះរងគ្រោះ ។ ចំណែកឯជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារសាច់ញាតិ នាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។

រហូតមកដល់វេលាម៉ោង០៦ និង៣៨នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ជនរងគ្រោះមិនទាន់បានទទួលសំណងថ្លៃខូចខាត នោះនូវឡើយទេ ហើយក៏មិនទាន់ឃើញសមត្ថកិច្ច ឬក៏ភាគីខាងការដ្ឋានសាងសង់នោះ ចេញមុខមកដោះស្រាយអ្វី ជាមួយជនរងគ្រោះ នោះដែរ ។ បញ្ជាក់ៈចំពោះករណីបាក់ផ្ទាំងឥដ្ឋធ្លាក់មកត្រូវចំដំបូលផ្ទះពលរដ្ឋនេះ បណ្តាលឲ្យត្រូវមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ និងខូចខាតនូវទ្រព្យសម្បត្តិដទៃទៀត ៕

មតិយោបល់