តើអ្នកដឹងទេថា ភេទខុសគ្នាគឺមានតម្រូវការខាងអាហារបំប៉នសម្រាប់សុខភាពក៏ខុសគ្នាដែរ។ ដូចនេះចូរអ្នកអានដើម្បីស្វែងយល់ថា តើអាហារណាខ្លះដែលល្អបំផុតសម្រាប់អ្នក។ ខាងក្រោមគឺជាអាហារប្រយុទ្ធប្រឆាំងមេរោគដែលបុរស និងនារីត្រូវការជាចាំបាច់។
*កំពូលអាហារសម្រាប់បុរស
១- ទឹកប៉េងប៉ោះ ៖ បុរសដែលបរិភោគផ្លែប៉េងប៉ោះ ឬទឹកប៉េងប៉ោះច្រើន ឬនំភីហ្សាដែលមានដាក់ទឹកប៉េងប៉ោះ គឺផ្ដល់ឲ្យខ្លួនឯងនូវអាវុធប្រឆាំងនឹងជំងឺមហារីកប្រូស្ដា។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហារវឺដ (Harvard) ដែលបានសិក្សាអំពីទម្លាប់ហូបអាហាររបស់បុរសជាង ៤៧.០០០នាក់។ ពួកគេបានរកឃើញថា បុរសដែលហូបទឹកប៉េងប៉ោះពីរទៅបួនដងក្នុងមួយសប្ដាហ៍មានអត្រាកើតមហារីកប្រូស្ដាតិចជាងបុរសដែលមិនហូបសោះរហូតដល់ទៅ ៣៥ភាគរយ។
២- អយស្ទ័រ ៖ គេនាំគ្នានិយាយតៗគ្នាថា អយស្ទ័រគឺជាកំពូលអាហារសម្រាប់បង្កើនកម្លាំងផ្លូវភេទហើយអ្នកវិទ្យាសាស្ត្រក៏ទំនងជាយល់ស្របដែរ។ ការបរិភោគអយស្ទ័រតែពីរ ឬបីគឺអាចទទួលបានការផ្គត់ផ្គង់មួយថ្ងៃពេញនូវសារធាតុស័ង្កសីដែលជាធាតុរ៉ែដ៏មានសារសំខាន់សម្រាប់បំពេញមុខងារជាធម្មតានៃប្រព័ន្ធបង្កកំណើតរបស់បុរស។
៣- ប្រ៊ូខូលី៖ ការស្រាវជ្រាវថ្មីៗរបស់សាកលវិទ្យាល័យហារវឺដ បានរកឃើញថា បន្លែដូចជាប្រ៊ូខូលីអាចការពារប្រឆាំងមហារីកប្លោកនោម។ វាគឺជាមហារីកមួយប្រភេទដែលកើតឡើងច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយវាកើតឡើងចំពោះបុរសច្រើនជាងនារីពី ពីរទៅ បីដង។ អ្នកវិទ្យាសាស្ត្របានធ្វើការវិភាគទៅលើកត្តាចំណីអាហាររបស់បុរសជិត ៥០.០០០នាក់ ហើយបានរកឃើញថា អ្នកដែលបរិភោគប្រ៊ូខូលី និងបន្លែប្រហាក់ប្រហែលយ៉ាងតិចប្រាំដងក្នុងមួយសប្ដាហ៍មានភាគរយកើតមហារីកប្លោកនោមតិចជាងអ្នកកម្រហូបបន្លែប្រភេទនេះរហូតដល់ទៅពាក់កណ្ដាល។ ស្ពៃក្ដោបក៏មានសារជាតិប្រឆាំងនឹងរោគមហារីកប្លោកនោមប្រហាក់ប្រហែលប្រ៊ូខូលីដែរ។
៤- ឪឡឹក ៖ មុនអាយុ ៥៥ឆ្នាំ បុរសប្រឈមនឹងអាការសម្ពាធឈាមខ្ពស់ច្រើនជាងស្ត្រី។ ការស្រាវជ្រាវអះអាងថា អាហារដែលសម្បូរសារជាតិប៉ូតាស្យូម អាចកាត់បន្ថយគ្រោះថ្នាក់នៃការឡើងសម្ពាធឈាមខ្ពស់។ ឪឡឹកជាប្រភពមួយដែលសម្បូរជាតិរ៉ែមានសារជាតិប៉ូតាស្យូមច្រើនជាងផ្លែឈើប្រភេទដទៃ ដោយវាមានសារជាតិនេះរហូតដល់ ៦៦៤ ក្រាម នៅក្នុងឪឡឹកមួយចំណិតធំ។
*កំពូលអាហារសម្រាប់នារី
១- ផ្លែល្ហុង ៖ ផ្លែឈើតំបន់ត្រូពិកនេះសម្បូរជាតិវីតាមីន C ច្រើនជាងផ្លែក្រូចពីរដង។ ដូច្នេះវាជាអាវុធមួយអាចប្រឆាំងនឹងជំងឺថង់ប្រមាត់ដែលតែងតែកើតឡើងចំពោះនារីច្រើនជាងបុរស។ បន្ទាប់ពីវិភាគឈាមរបស់មនុស្សជាង ១៣.០០០នាក់ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រកឃើញថា ស្ត្រីដែលមានកម្រិតជាតិវីតាមីន C ទាបប្រឈមនឹងការកើតជំងឺថង់ប្រមាត់ច្រើនជាង។
២- គ្រាប់កប្បាស ៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា គ្រាប់កប្បាសសម្បូរសារធាតុម្យ៉ាងដូចអេស្ត្រូចេន ដែលគេឲ្យឈ្មោះថា Lignans ដែលជាអាវុធសក្ដានុពលមួយសម្រាប់ប្រឆាំងមហារីកសុដន់ អាចពន្យឺតការរីកលូតលាស់នៃដុំសាច់មហារីកយ៉ាងមានប្រសិទ្ធភាព។
៣- តៅហ៊ូ ៖ អាហារដែលសម្បូរប្រូតេអ៊ីនសណ្ដែកសៀង អាចកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូល និងអាចកាត់បន្ថយអាការក្ដៅស្បែកពេលមករដូវព្រមទាំងជួយធ្វើឲ្យឆ្អឹងរឹងមាំ។ ការសិក្សាចំនួនពីរបានរកឃើញថា ការទទួលទានសារជាតិ Isoflavones ពី ៥០ ទៅ ៧៦ មិល្លីក្រាម ជារៀងរាល់ថ្ងៃ អាចនឹងជួយកាត់បន្ថយអាការក្ដៅស្បែកពេលមករដូវ។ តៅហ៊ូកន្លះពែងមានសារជាតិ Isoflavones ពី ២៥ ទៅ ៣៥ មិល្លីក្រាម។
៤- សាច់ក្របី ៖ ដោយសារតែការមករដូវ ស្ត្រីតែងមានបញ្ហាខ្វះឈាមច្រើនជាងបុរស។ លើសពីនេះទៀត កម្រិតជាតិដែកក្នុងឈាមទាបក៏អាចធ្វើឲ្យកើតអាការអស់កម្លាំងកំហែងដែរ។ ដើម្បីទទួលជាតិដែកឲ្យបានគ្រប់គ្រាន់ សាកល្បងហូបសាច់ក្របី។ សាច់ក្របីអាចជួយបង្កើនកម្លាំងកំហែង និងបញ្ចុះទម្ងន់ផងដែរ៕
មតិយោបល់