ក្រុមហ៊ុន Microsoft បានបង្ហាញរួចមកហើយថា ខ្លួននឹងបញ្ឈប់ការគាំទ្រប្រព័ន្ធដំណើរការ Windows XP នៅក្នុងឆ្នាំ ២០១៤ដែលធ្វើឲ្យអ្នកស្មោះស្ម័គ្រនឹងប្រព័ន្ធដំណើរការនេះមួយចំនួនកំពុងតែមានការព្រួយបារម្ភខ្វល់ខ្វាយ។
នៅពេលនេះ មិនមែនមានតែអ្នកប្រើប្រាស់ធម្មតានោះទេ ដែលខ្វាយខ្វល់ចំពោះបញ្ហានេះនោះទេ សូម្បីតែរដ្ឋាភិបាលចិនក៏កំពុងតែព្រួយរម្ភ និងតានតឹងក្នុងចិត្តផងដែរ ព្រមទាំងបានស្នើសុំឲ្យក្រុមហ៊ុន Microsoft ពិចារណាឡើងវិញនូវគោលគំនិតបញ្ឈប់ការគាំទ្រ Windows XP។
បណ្ដាញសារព័ត៌មានចិន TechWeb បានរាយការណ៍ថា លោក Yan Xiaohong អនុប្រធានរដ្ឋាភិបាលកម្មសិទ្ធិបញ្ញាជាតិរបស់ចិន បាននិយាយថា ការបញ្ឈប់គាំទ្រនូវប្រព័ន្ធដំណើរការ Windows XP បានជះផលអាក្រក់យ៉ាងខ្លាំងដល់ដំំណើរការកម្មវិធីរបស់រដ្ឋាភិបាលចិន និងបានគំរាមកំហែងសន្ដិសុខយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ដទៀតថា ការអនុវត្តនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការទាំងឡាយនៅក្នុងស្ថាប័នរដ្ឋរបស់ចិនកំពុងតែតែដំណើរការយ៉ាងរលូន។
ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលចិនបានផ្ញើសំណុំឯកសារតាមរយៈផ្លូវការទៅកាន់ក្រុមហ៊ុន Microsoft ពាក់ព័ន្ធនឹងការបញ្ឈប់ការគាំទ្រ Windows XP។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រព័ន្ធដំណើរការ Windows XP នៅតែជាទីពេញនិយមដដែល បើទោះបីជាក្រុមហ៊ុន Microsoft បានចេញដល់ជំនាញ Windows 8 ក្ដី៕
មតិយោបល់