ក្រុមហ៊ុន Sony Corp កំពុងតែពិភាក្សាក្នុងការលក់អាជីវកម្មកុំព្យូទ័ររបស់ខ្លួន ដែលកំពុងដំណើរការយ៉ាងលំបាកទៅឲ្យក្រុមហ៊ុន Japan Industrial Partners ក្នុងទឹកប្រាក់ប្រមាណជា ៤៩០លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រចាំថ្ងៃជប៉ុន Nikkei។
ស្ថិតនៅក្រោមផែនការនេះ ក្រុមហ៊ុន Sony នឹងលក់អាជីវកម្មកុំព្យូទ័ររបស់ខ្លួនឲ្យទៅជាក្រុមហ៊ុនថ្មីមួយដែលនឹងត្រូវបានបង្កើតឡើងដោយមូលនិធិ និងមានភាគហ៊ុនតូចមួយនៅក្នុងក្រុមហ៊ុនថ្មី។
សារព័ត៌មាន Nikkei ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុន Sony បានខាតបង់នូវទឹកប្រាក់ជាច្រើន និងជាលើកដំបូងនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ទៅលើអាជីវកម្មកុំព្យូទ័រ។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Lenovo Group បានពិភាក្សាអំពីការបណ្តាក់ទុនរួមគ្នាមួយ ទៅលើអាជីវកម្មនៅលើកុំព្យូទ័រ Vaio របស់ក្រុមហ៊ុន Sony នៅក្រៅប្រទេស។
ប៉ុន្តែក្រុមហ៊ុន Sony បាននិយាយថា របាយការណ៍របស់ NHK គឺមិនត្រឹមត្រូវ តែបានទទួលស្គាល់ថា វាត្រូវបានគេសម្លឹងមើលលទ្ធភាពច្រើនសម្រាប់ Vaio ហើយខាងក្រុមហ៊ុន Lenovo ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ៕
មតិយោបល់